(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ទ្រង់មានព្រះបន្ទូលថា តាមរយៈមីទ្ទិញ រំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យ ជាតិ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ អាចសន្និដ្ឋានបានថាមាតុភូមិ និងប្រជាជនកម្ពុជា យើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានា បានឯកភាពជាតិដ៏រឹងមាំ។
ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសព្រះអង្គទ្រង់យាងថ្លែង សន្ទរកថា ជូនដល់ប្រជានុរាស្ត្រទូទាំងនគរនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលជាខួប ៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោម ព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។
ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹក ដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯក រាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
តាមរយៈព្រះរាជសន្ទរកថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មាន ព្រះបន្ទូលយ៉ាងដូច្នេះថា៖ «តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថាមាតុភូមិ និងប្រជាជនកម្ពុជា យើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានា បានឯកភាពជាតិដ៏រឹងមាំ»។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គមានបន្ទូលបន្តថា ក្រោមទង់ ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតក ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើ បូរណភាពទឹកដីបានឡើយ។ បន្ថែមពីនេះ ព្រះមហាក្សត្រ ព្រះអង្គមានបន្ទូលបញ្ជាក់ថា អង្គមីទ្ទិញ នាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តិ សមទៅនឹងបេស កកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះមហា វីរក្សត្រ ព្រះវររាជ បិតាឯករាជ្យជាតិ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ព្រះអង្គ តែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត កម្ពុជាយើង ដែលបានរួចចាក ផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ។
ព្រះមហាក្សត្រ ទ្រង់មានបន្ទូលកោតសសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋា ភិបាល ដ៏ឆ្លាតវៃបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយ ដ៏ត្រឹមត្រូវក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាក អន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជា វិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង។
នៅក្នុងឱកាសនេះ ព្រះអង្គក៏មានព្រះបន្ទូល សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ៕