ប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនលើសពី ១០,០០០នាក់


(ប៉ាឡេស្ទីន)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បាននិយាយនៅថ្ងៃចន្ទនេះថា ចាប់តាំងពីជម្លោះជុំចុងក្រោយរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានកើនឡើងលើសពី ១០,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួង លោក Ashraf Al-Qudra បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្គាហ្សាថា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១០,០២២ នាក់ ក្នុងនោះមានកុមារចំនួន ៤,១០៤ នាក់ និងស្ត្រីចំនួន ២,៦៤១ នាក់ ខណៈដែលចំនួនអ្នករងរបួសបានកើនឡើងដល់ ២៥,៤០៨ នាក់។
លោក Al-Qudra បាននិយាយថា ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានប្រព្រឹត្តការសម្លាប់សំខាន់ៗចំនួន ១៩ លើក ដែលបានឆក់យកជីវិតមនុស្ស ២៥២នាក់។
នៅខាងអ៊ីស្រាអែល មនុស្សជាង ១,៤០០ នាក់បានបាត់បង់ជីវិត ដែលភាគច្រើនបំផុតនៅក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឱ្យមានជម្លោះដែលកំពុងបន្ត៕