ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជួបសំណេះ​សំណាលជា​មួយ​កម្មករ និយោជិតប្រមាណ ១៥,១៩៤នាក់។ ក្នុងនោះមានកម្មការិនី​មានផ្ទៃ​ពោះចំនួន ៤៨២នាក់។ កិច្ចសំណេះសំណាលធ្វើឡើងនៅតំបន់សេដ្ឋកិច្ច​ពិសេស​ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។

លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីនេះ មកពីរោងចក្រ សហគ្រាសចំនួន៣០ រួមមាន៖ រោងចក្រផលិតគ្រឿងសង្ហារិមចំនួន១១, កាត់ដេរសម្លៀកបំពាក់ចំនួន៤, ផលិតសម្ភារៈសត្វចំនួន២, ផលិតកេសកាតុងចំនួន២, ផលិតចំណីសត្វចំនួន២, ផលិតថ្មម៉ាបចំនួន១, កែច្នៃស្បែកចំនួន១, ផលិតសម្ភារៈការិយាល័យចំនួន១, ដេរស្បែកជើងចំនួន១, ផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន១, ជ្រលក់ក្រណាត់ចំនួន១, ផលិតអេប៉ុងចំនួន១, និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងប្លាស្ទិកចំនួន១។
លោករដ្ឋមន្ត្រីអតីតនិស្សិតអាហារូបករណ៍ពីប្រទេសជប៉ុនរូបនេះ បានឱ្យដឹងដែរថា តំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី មានផ្ទៃដីប្រមាណ ១៣០ហិកតា ចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៩ ជាមួយទុនវិនិយោគជាង ២៤៥លានដុល្លារអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេសនេះ វិនិយោគដោយលោក ជូ ចាងជីង ជនជាតិចិន។ តំបន់សេដ្ឋកិច្ចពិសេសចេជាង មានរោងចក្រ សហគ្រាសចំនួន២៤ មានកម្មករ និយោជិតសរុបប្រមាណ ៨,០៨៥នាក់។ ផលិតផលដែលផលិតនៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានដូចជាអាវសម្រាប់សត្វចិញ្ចឹម និងប្រឡៅ ស្រោមសាឡុង សម្លៀកបំពាក់ពេទ្យ និងបរិក្ខារពេទ្យ ថ្មម៉ាប គ្រឿងសង្ហារិម សាឡុង តុទូផ្ទះបាយ ថង់ប្លាស្ទិក សំបកកាតុង ចំណីសត្វចិញ្ចឹម អេប៉ុង កែច្នៃស្បែកសម្រាប់ផលិតជាចំណីសត្វចិញ្ចឹម និងសម្ភារៈការិយាល័យ។

សូមបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនោះ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេស។ បច្ចុប្បន្នរោងចក្រ សហគ្រាសតាមបណ្តាខេត្ត បានកើនពីចំនួន ៦៤រោងចក្រ និងមានកម្មករ និយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់នៅឆ្នាំ១៩៩៧ មកដល់ចំនួន ១៧,៧២៣រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១.៥លាននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ១,៣៣៣រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបចំនួន ៨២២,២៣៥នាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២.៦ពាន់លានដុល្លារ។
បច្ចុប្បន្នខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបចំនួន៦២៣ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុបប្រមាណ ៨ម៉ឺន ផ្តល់ប្រាក់ឈ្នួល​សរុបជាង ២៣៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់​ដេរមាន​ចំនួន៥៨ ផ្តល់ការងារជូន​កម្មករ និយោជិតសរុបប្រមាណ ២ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៦២លាន​ដុល្លារក្នុង​មួយឆ្នាំ។
នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់​រាជរដ្ឋា​ភិបាល​ ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយ​បង្កើតរាជ​រដ្ឋា​ភិ​បា​លនីតិកាល​ថ្មី​ហើយភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់​យក​​​កម្ម​ករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែក​វាយ​នភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូបជាជំនួបសាធារណៈ​លើក​ដំបូង​ និងមានជំនួបជាបន្តបន្ទាប់ទៀត៕