ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃចុងក្រោយ ចាប់ផ្តើមហើយ

(ភ្នំពេញ)៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាថ្ងៃចុងក្រោយនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣។

បេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានីខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សូមជម្រាបថា សរុបថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមានចំនួន ២ ១៣៤នាក់ ស្រី ៨៧១នាក់ (ក្នុងនោះបេក្ខជនស្វៃរិន ១ ៧៣២នាក់ ស្រី៧២៤នាក់) ស្មើនឹង ១,៥៥ភាគរយ មានបញ្ហាសុខភាព ៣៨ករណី ដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន០៤ករណី និងមានបេក្ខជនចំនួន០៣រូប ជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។

បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បាន បន្តការប្រឡងជាធម្មតា ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីអាការបានធូរស្រាល លើកលែង០៣ករណី។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕