លោក Netanyahu ថាអ៉ីស្រាអែលនឹងពិចារណាលើការផ្អាកការប្រយុទ្ធគ្នា ក្នុងតំបន់ហ្កាហ្សា

(ហ្កាហ្សា)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងពិចារណាលើការផ្អាកការប្រយុទ្ធគ្នា នៅក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់កិច្ចការផ្ដល់ជំនួយ និងការដោះលែងចំណាប់ខ្មាំង ប៉ុន្តែនៅតែបដិសេធបទឈប់បាញ់ទាំងស្រុងជាមួយក្រុមហាម៉ាស បើទោះជាមានការកើន ឡើងការដាក់សម្ពាធពីអន្តរជាតិក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC News ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅ វ៉ាស៊ីនតោន)។ ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ដូចកាលពីពេលមុន យើងធ្លាប់មានការផ្អាកការប្រយុទ្ធគ្នា រយៈពេលមួយម៉ោងនៅទីនេះ (អ៉ីស្រាអែល) និងមួយម៉ោងនៅទីនោះ (ហ្កាហ្សា)។ ខ្ញុំចង់និយាយថាយើងនឹងពិនិត្យលើកាលៈទេសៈក្នុងគោលបំណងជួយសម្រួល ដល់លំហូរចូលជំនួយមនុស្សធម៌ ឬក៏ការដោះលែងចំណាប់ខ្មាំង។ ប៉ុន្តែខ្ញុំមិនគិតនោះទេថាវាជាបទឈប់បាញ់ទាំងស្រុងមួយ»