រដ្ឋមន្ដ្រីក្រសួងធនធានទឹក បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិករប្រើប្រាស់ទឹក

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលការណ៍ណែនាំ គំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) សេចក្តីព្រាងប្រកាសស្តីពីការរំលាយចោល ស.ក.ប.ទ. និងនីតិវិធី នៃការដោះស្រាយវិវាទ ក្នុងក្របខណ្ឌស.ក.ប.ទ. នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលារយៈពេលពីរថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការចូលរួមពី លោក Simon Thibault ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស (TA-ISWM) និងលោកស្រី Sandrine Boucher នាយិកាស្ថានតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) រួមជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម តំណាងក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍ សហគមន៍កសិករប្រើប្រាស់ទឹក និងក្រុមការងារកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា សរុបប្រមាណ១៦៧នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងជាពិសេសក្រុមទីប្រឹក្សាបច្ចេកទេស TA-ISWM ដែលបានចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ ដល់អង្គសិក្ខាសាលាដ៏មានសារសំខាន់នេះ។

លោកគូសបញ្ជាក់ថា អនុក្រឹត្យរបស់សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) ត្រូវបានប្រកាសឲ្យប្រើកាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីឲ្យអនុក្រឹត្យនេះ អនុវត្តទៅបានពេញលេញ ប្រកបដោយប្រសិទ្ធភាពតម្រូវឲ្យមានគោលការណ៍ណែនាំ និងប្រកាសចំនួនប្រាំទៀត ដូចជា ទី១៖ គោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងស.ក.ប.ទ, ទី២៖ ប្រកាសស្តីពីការរំលាយចោល ស.ក.ប.ទ, ទី៣៖ប្រកាសស្តីពីនីតិវិធី នៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌស.ក.ប.ទ, ទី៤៖ ប្រកាសស្តីពីនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ ប្រធាន និងអនុប្រធានក្រុមកសិករប្រើប្រាស់ទឹក និងទី៥៖ កិច្ចព្រមព្រៀងស្តីពីការបែងចែកការទទួលខុសត្រូវ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា វិស័យធនធានទឹកនៅកម្ពុជា បាននិងកំពុងអភិវឌ្ឍនៅលើផ្លូវនៃការធ្វើកំណែទម្រង់ ក្នុងគោលដៅប្រែក្លាយវិស័យនេះ ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កសិករប្រកបដោយចីរភាព។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈនាយកដ្ឋានស.ក.ប.ទ ដែលជាសេនាធិការរបស់ខ្លួន មានតួនាទីសំខាន់លើការកំណត់គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍបន្តលើប្រព័ន្ធធារាសាស្រ្តរបស់ស.ក.ប.ទ. ឲ្យមាននិរន្តភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

រដ្ឋមន្ត្រី ថោ ជេដ្ឋា បានស្នើដល់អង្គសិក្ខាសាលា ឲ្យយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញចែករំលែកបទពិសោធន៍នានា ព្រមទាំងចូលរួមផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍នៅក្នុងការគ្រប់គ្រងបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយនានា ដើម្បីឲ្យសិក្ខាសាលានាពេលនេះ ទទួលបានជោគជ័យ ក្លាយជាគំរូសម្រាប់ការកែលម្អ និងបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹកនៅកម្ពុជា។

លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងនាយកដ្ឋានស.ក.ប.ទ ដែលបានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេស កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១ រៀបចំឲ្យមានសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ។

សូមបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ធ្វើឡើងក្នុងគោលបំណងពិគ្រោះយោបល់ ពិភាក្សា និងប្រមូលនូវធាតុចូល លើសេចក្តីព្រាងគោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងស.ក.ប.ទ ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ និងនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ ស.ក.ប.ទ ដើម្បីធ្វើឲ្យមានភាពគ្រប់ជ្រុងជ្រោយ គ្របដណ្តប់គ្រប់ទិដ្ឋភាពជាក់ស្តែង និងបច្ចេកទេស និងមានភាពសុក្រិត ជាពិសេសធានាកិច្ចដំណើរការរបស់ស.ក.ប.ទ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕