រុស្ស៉ីប្រកាសពីជោគជ័យ នៃការបាញ់តេស្តមីស៉ីលបាលិស្ទីគ ICBM សម្រាប់បំពាក់នុយក្លេអ៊ែរ ចេញពីនាវាមុជទឹក

(មូស្គូ)៖ នៅថ្ងៃអាទិត្យនេះ រុស្ស៉ីបានប្រកាសថា ខ្លួនបានធ្វើការបាញ់តេស្តដោយជោគជ័យ នូវមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលអាច​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាមុជទឹកថ្មីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាមុជទឹកយុទ្ធសាស្រ្តថ្មីដើរដោយថាមពលនុយក្លេអ៊ែរ Emperor Alexander III បានបាញ់សាកល្បងដោយជោគជ័យនូវមីស៉ីល ICBM Bulava។ ការធ្វើតេស្តនោះ ត្រូវបានធ្វើឡើងចេញពីទីតាំងមួយនៅដែនសមុទ្រស ដែលស្ថិតនៅក្បែរឆ្នេរភាគពាយព្យប្រទេសរុស្ស៉ី ឆ្ពោះទៅកាន់គោលដៅដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ នៅឯ​ឧបទ្វីប Kamchatka នៃតំបន់ចុងបូព៌ារុស្ស៉ី។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា ការធ្វើតេស្តបានប្រព្រឹត្តទៅកាលពីពេលណាឡើយ។
ការធ្វើតេស្តបាញ់មីស៉ីលដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរខាងលើ កើតមានឡើងបន្ទាប់ពីរុស្ស៉ីទើបតែបានលុបចោលការផ្តល់សច្ចាប័ន ចំពោះសន្ធិសញ្ញាហាមហាត់ការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ក្នុងសប្តាហ៍នេះ។ នាវាមុជទឹក Emperor Alexander III ត្រូវបានដាក់ទៅលើ​ផ្ទៃទឹកកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយការសាងសង់រួចរាល់ ដើម្បីឆ្លងកាត់ការធ្វើតេស្ត៕