អ៊ីរ៉ង់ថា អាមេរិកនឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើគ្មានបទឈប់បាញ់នៅតំបន់ហ្គាហ្សា

(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់​នៅថ្ងៃអាទិត្យនេះ បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ដែលនិយាយថា «សហរដ្ឋអាមេរិកនឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនអនុវត្តបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Muhammad Reza Ashtiani បាននិយាយយ៉ាងដូច្នេះថា «ដំបូន្មានរបស់យើងចំពោះជនជាតិអាមេរិក គឺត្រូវបញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់ ហើយអនុវត្តបទឈប់បាញ់ បើមិនដូច្នេះទេ ពួកគេនឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។

អ៊ីរ៉ង់​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ថា ​បាន​ពាក់ព័ន្ធ​ផ្នែក​យោធា​ក្នុង​ជម្លោះអ៊ីស្រាអែល-ហាម៉ាស ខណៈទីក្រុងវ៉ាស៉ីនតោនបានរក្សាការគាំទ្រយ៉ាងរឹងមាំរបស់ខ្លួនសម្រាប់អ៉ីស្រាអែល ។