(ហ្ស៊េរុយសាឡិម)៖ អីស្រាអែល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានច្រានចោលការអំពាវនាវកាន់តែច្រើនឡើងឱ្យមានបទឈប់បាញ់នៅក្នុង តំបន់ហ្កាហ្សា ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ជាថ្មីថានឹងមិនមានឡើយបទឈប់បាញ់ រហូតទាល់តែចំណាប់ខ្មាំង ទាំងអស់ត្រូវបានដោះលែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Benjamin Netanyahu បានលើកឡើងថាចំណាប់ខ្មាំងជាង ២៤០នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង អំឡុងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ត្រូវតែមានសេរីភាពឡើងវិញ។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនមានឡើយបទឈប់បាញ់ដោយគ្មាន ការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងទាំងអស់។ ពាក្យបទឈប់បាញ់នេះគួរតែត្រូវបានលុបចេញពីវចនានុក្រម។ យើងបានប្រាប់រឿងនេះទៅកាន់មិត្ត របស់យើង និងសត្រូវរបស់យើង។ យើងនឹងបន្តការវាយលុករហូតទាល់តែយើងអាចបំបាក់ពួកគេ (ហាម៉ាស) ព្រោះយើងគ្មានជម្រើសផ្សេងនោះទេ»។