(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចចរចាជាមួយរុស្ស៉ីនោះទេ រហូតទាល់តែកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីប្រទេសរបស់លោក នៅចំពោះមុខសេចក្ដីរាយការណ៍ថាក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានជំរុញឱ្យទីក្រុងកៀវ ទទួលយកកិច្ចចរចាជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៉ី និងកងទ័ពអ៊ុយក្រែននៅឯសមរភូមិ ត្រូវបានគេមើលឃើញថាមិនទាន់មានភាគីណាមួយមានប្រៀបដាច់លើភាគីណាមួយ នោះទេ បើទោះជាអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយបកក្នុងតំបន់ភាគខាងត្បូង និងខាងកើតនៃប្រទេសរបស់ខ្លួនក៏ដោយ។ ប៉ុន្តែ ខណៈសង្រ្គាមនៅហ្កាហ្សា កំពុងទាញការយកចិត្តទុកដាក់ចេញពីអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទួលស្គាល់ការពិតមួយនេះ ហើយថាក្រុមប្រទេសលោកខាងលិចមួយចំនួនកំពុង ដាក់សម្ពាធឱ្យអ៊ុយក្រែនចូលអង្គុយតុចរចាជាមួយរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក បានដឹងយ៉ាងច្បាស់ថាខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចចរចាជាមួយភេរវករ (រុស្ស៉ី) នោះទេ ពីព្រោះពាក្យសម្ដីរបស់ពួកគេមិនអាចជឿទុកចិត្តបាន»។ លោកបន្ថែមថា «ពួកគេ (កងទ័ពរុស្ស៉ី) ត្រូវតែដកចេញពីទឹកដីរបស់ពួកយើង ហើយមានតែធ្វើបែបនេះទេ ទើបពិភពលោកអាចនឹងងាកទៅរកការទូត»៕