(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ។
អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង កាលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។
សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារមានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េ គិតពីនីវ៉ូមហាវិថីព្រះនរោត្តម, អគារមានកំពស់ ៤៣.៥ ម៉ែត្រគិតត្រឹមក្រោមដំបូលអគារ, មានកម្ពស់ ៦៣ ម៉ែត្រគិតត្រឹមដំបូលក្បឿង, មានកម្ពស់ ៩២ ម៉ែត្រគិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រ គិតដល់ចុងបុស្បបុកធំ។
អគារទីស្ដីការថ្មីនេះដែរ គឺមានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងមានសួនច្បារនៅកណ្តាល និងមានរចនាប័ទ្មក្បាច់ចំនួន៣គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង។ សម្រាប់ផ្នែកខាងមុខនៃអគារនេះ គឺបែរទៅទិសខាងកើតស្របតាមមហាវិថីព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។
លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក (សម័យទំនើបកម្ម) រចនាប័ទ្មខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព សក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។ អគារបានរំលេចពណ៌សស្ទើរពេញផ្ទៃអគារ លើកលែងតែក្លោងទ្វារមុខ ប្រើប្រាស់ម៉ាបធម្មជាតិពណ៌ឡុត មានបញ្ចូលក្បាច់ឆ្លាក់ ផ្កាចន្ទ និងដំបូលបុស្បុកប្រក់ក្បឿងស្រកាលិញ។
លើសពីនេះទៀត អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ មានសមត្ថភាពអាចផ្ទុកមនុស្ស សរុបរហូតដល់ ៨.៥០០នាក់ ហើយមានមុខងារប្រើប្រាស់ជាអគាររដ្ឋបាលប្រមូលផ្តុំ ដែលមានថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារផងដែរ៕