ក្រសួងធនធានទឹក ជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ដោយឡែក នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ក្នុងកម្រិតមធ្យមមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នៅថ្ងៃទី៦ ខែវិច្ឆិកា ២០២៣ នឹងធ្វើឱ្យធាតុអាកាស៖
១-តំបន់វាលទំនាប៖
* សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ោង/វិនាទី
* ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្តប់លើផ្ទៃដីពី១០% ទៅ ៣០%។
២-តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី២៩-៣២°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ោង/វិនាទី
* ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លើខេត្តត្បូងឃ្មុំ កំពង់ចាម និងព្រះវិហារ ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី១០% ទៅ ២០%។ ដោយឡែកខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងរតនគិរី អាចមានភ្លៀងរលឹមតិចតួចប៉ុណ្ណោះ។
៣-តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ោង/វិនាទី
* ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០% ទៅ៣០%។
* ចំណែកឯ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ហើយខ្យល់បក់មកពីទិសខាងត្បូង និងទិសខាងកើតក្នុងល្បឿនពី១-៣ ម៉ោង/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕