(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាព អឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កិច្ចពិភាក្សានេះមានគោលបំណងដើម្បីពង្រីកកិច្ចសហការធុរកិច្ចរបស់សភាពអឺរ៉ុបជាមួយវិស័យឯកជន និងសាធារណៈនៅកម្ពុជា ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ជា ពិសេសលើវិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដែលមានចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
លោក JENS RUEBBERT បានថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែល បានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថ ហើយលោកសង្ឃឹមថា ស្ថាប័នទាំងពីរនេះនឹងមានកិច្ចសហការ បន្តជាមួយគ្នានាពេលមុខបន្ថែមទៀត។
ក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Zuellig Pharma, ក្រុមហ៊ុន DHL និងតំណាងរបស់ Eurocham ប្រចាំនៅកម្ពុជា បានសាកសួរអំពីសកម្មភាពជាយុទ្ធសាស្ត្ររបស់ ក.ប.ទ. នៅក្នុងការ គាំទ្រវិស័យឯកជន ពាក់ព័ន្ធនឹងឌីជីថលូបនីយកម្មវិស័យសុខាភិបាល ការគាំទ្រដល់បរិវត្តកម្មឌីជី ថលរបស់ SMEs ក្នុងស្រុក ក៏ដូចជាទិសដៅការងាររបស់ក្រសួងពាក់ព័ន្ធនឹងការប្រើប្រាស់ 5G។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការរៀបចំ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរ ឡើង ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវលើបច្ចេកវិទ្យា 5G ដែលស្របតាមដំណាក់កាលអភិវឌ្ឍ នៃវិស័យទូរគមនាគមន៍។
ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ លោក JENS RUEBBERT និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជាលើកនេះ ហើយ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់គណៈប្រតិភូ EU-ABC និង Eurocham ប្រចាំនៅកម្ពុជា ជំរុញ និងពង្រឹងការវិនិយោគបន្ថែមផ្នែកប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕