រដ្ឋមន្ដ្រី ឈាង រ៉ា៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១,៣៦០ កន្លែង កំពុងបម្រើសេវាសុខាភិបាលជូនពលរដ្ឋនៅទូទាំងប្រទេស

(ភ្នំពេញ)៖ ឯកឧត្តម សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា មូលនិធិសម ធម៌ សុខាភិបាលសម្រាប់គ្រួសារក្រីក្រ ចាប់ផ្តើមអនុវត្តដំបូងនៅឆ្នាំ២០០០ ហើយត្រូវបានពង្រីកជា បន្តបន្ទាប់រហូតដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេសនៅឆ្នាំ២០១៥ ហើយបើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន ១,៣៦០ កន្លែង។

ការថ្លែងដូច្នេះរបស់ឯកឧត្តម រដ្ឋមន្ដ្រី ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាព ទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣នេះ។

ឯកឧត្តម សាស្ដ្រាចារ្យរដ្ឋមន្ដ្រីបន្ដថា មូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន ១,៣៦០កន្លែង ដែលកំពុងអនុវត្តនៅមណ្ឌលសុខភាព/មណ្ឌលសុខភាពមានគ្រែ ១,២៣៦កន្លែង មន្ទីរពេទ្យបង្អែក ក្រុង/ស្រុក/ខណ្ឌ ៩២ កន្លែង មន្ទីរពេទ្យរាជធានី-ខេត្ត ២៥កន្លែង និងមន្ទីរពេទ្យជាតិ ៧កន្លែង។

ឯកឧត្តម រដ្ឋមន្ដ្រី គូសបញ្ជាក់ថា មូលនិធិសមធម៌សុខាភិបាលបានពង្រីកការគ្របដណ្តប់លើ ប្រជាជនគោលដៅផ្សេងទៀតជាបន្តបន្ទាប់ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ប្រជាជនគោលដៅ ទទួលបានបណ្ណសមធម៌ តាមរយៈប្រព័ន្ធកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រទុកជាមុនរបស់ ក្រសួងផែនការរួមមាន៖ គ្រួសារក្រីក្រ ៧៧៩,៥១៤គ្រួសារ ស្មើនឹង៣,២១៤,១៣៣នាក់ កម្មករ ក្រៅប្រព័ន្ធ (សមាគមម៉ូតូឌុប រ៉ឺម៉កកង់បី កម្មករធាក់ស៊ីក្លូ) ៧៨,៣០១ នាក់ ប្រជាជនផ្ទុកមេរោគ អេសដ៍ ១៧,៥៩៣នាក់ និងកម្មករ-និយោជិតក្នុងវិស័យកំសាន្ដនិងទេសចរណ៍ក្រៅប្រព័ន្ធ ២,៧៨១នាក់។

រវាងឆ្នាំ២០១៨-ឆ្នាំ២០២២ គ្រួសារក្រីក្រដែលគាំពារដោយមូលនិធិសមធម៌សុខាភិបាល បានមក ប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅសរុបចំនួន ១៤,១៦៤,១៣១ករណី និងសម្រាកពេទ្យសរុបចំនួន ៨១៤,៦៦៥ករណី។ ដោយឡែកពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ គ្រួសារក្រីក្រគាំពារដោយ មូលនិធិសមធម៌សុខាភិបាល បានមកប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅសរុប ១,៧៦១,៣៣៧ករណី និងនៅមន្ទីរពេទ្យសម្រាកព្យាបាលសរុប ១៤៥,៧០៨ករណី។ ការសម្រាលកូនមានចំនួន ១៥,៦០៦នាក់ នៅមណ្ឌលសុខភាព និង១៤,២៧២ នាក់ទៀតនៅមន្ទីរពេទ្យ។

ឯកឧត្តម រដ្ឋមន្ដ្រី ឈាង រ៉ា បានថ្លែងទៀតថា ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា «ការ-ពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅកាន់ការ គ្របដណ្តប់សុខភាពជាសកល» ក្រសួងសុខាភិបាល និងអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់នឹង បន្តការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់បំផុត និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីកែលម្អ គុណភាពសេវាឱ្យកាន់តែប្រសើរឡើងផង និងពង្រីកការគ្របដណ្តប់នៃសេវាផង ដើម្បីឆ្លើយតប ទៅនឹងតម្រូវការផ្នែកសុខភាពរបស់ប្រជាជន ស្របតាមស្ថានការណ៍វិវត្តនៃប្រជា-សាស្ត្រ បន្ទុកជំងឺ តថភាពសង្គម-សេដ្ឋកិច្ច បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងព័ត៌មានវិទ្យា/ឌីជីថល ជាដើម។ល៕