រដ្ឋមន្រ្តីទេសចរណ៍ នឹងធ្វើឱ្យបុណ្យសមុទ្រនៅខេត្តកែប ជាកត្តាជំរុញវិស័យទេសចរណ៍តំបន់ឆ្នេរ

 (កែប)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ឆ្លងកាត់នូវពិធីបុណ្យ សមុទ្រលើកនេះសម្រាប់ខេត្តកែប ជំរុញនិងលើកកម្ពស់ឱ្យវិស័យទេសចរណ៍កាន់តែមានភាព មមាញឹកបន្ថែមទៀត តាមរយៈការបញ្ជ្រាបបន្ថែមទៅកាន់អ្នកទេសចរ អំពីសក្តានុពលដែលខេត្ត មានក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ។

ឯកឧត្តម សុខ សូកេន បានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែ មានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតអោយមានកម្មវិធីសប្បាយផ្សេងៗ សកម្ម ភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានរំពឹងថា បុណ្យសមុទ្រឆ្នាំនេះនៅខែកែប នឹងប្រព្រឹត្តទៅដោយភាពសប្បាយ រីករាយ និងបញ្ចប់ទៅវិញដោយផ្លែផ្កា ជាមួយការចងចាំពីសំណាក់អ្នកចូលរួមមកគ្រប់ពីមជ្ឈដ្ឋាន យ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់ពិធីបុណ្យសមុទ្រមិនថាខេត្តកែបនោះទេ អ្វីដែលស្ថិតនៅក្នុង គោលបំណងនៃការបង្កើតឱ្យមានឡើងនូវពិធីបុណ្យសមុទ្រ នៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤ ដែលតែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំទៅតាមវេននៃខេត្តនីមួយៗ។

អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានថា កន្លងទៅដើម្បីឱ្យពិធីបុណ្យជាតិមួយនេះ អាច ដំណើរការទៅបានដោយភាពសប្បាយរីករាយជូនភ្ញៀវជាតិនិងអន្តរជាតិ រដ្ឋបាលខេត្តកែបបាន ប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការនានា ធ្វើយ៉ាងណាបង្កភាពងាយស្រួលក្នុង ពេលរៀបចំពីធីបុណ្យសមុទ្រលើកនេះឱ្យមានភាពអធិកអធម។

ឯកឧត្តម បន្តថា រដ្ឋបាលខេត្តកែបនឹងរង់ចាំសហការជាប់ជានិច្ច ជាមួយគណកម្មការអន្តរក្រសួង ជាពិសេសក្រសួងទេសចរណ៍ក្នុងភាពជាម្ចាស់ផ្ទះរាល់តម្រូវការនានាទៅតាមលទ្ធភាពដែលខេត្តកែបអាចធ្វើទៅបាន៕