(ហ្គាហ្សា)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនកំពុងរៀប ចំសម្រាប់ «ការវាយប្រហារយ៉ាងខ្លាំងក្លា» បន្ថែមទៀត ដើម្បីកម្ទេចក្រុមហាម៉ាស។
អ៉ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើគោលដៅរាប់រយកន្លែងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈទាហានរបស់ខ្លួនបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលវាយឆ្មក់ចូលដែនដីប៉ាឡេស្ទីន ។
លោក Herzi Halevi បានចេញសេចក្តីថ្លែងការណ៍មួយថា អ៉ីស្រាអែលគ្មានបំណង បន្ធូរបន្ថយការ វាយប្រហាររបស់ខ្លួនលើ តំបន់ហ្គាហ្សានោះទេ ហើយបានរៀបចំយ៉ាងល្អសម្រាប់ការធ្វើសង្រ្គាម ជើងគោក។ លោក Halevi បញ្ជាក់ថា «យើងចង់បំបាត់ក្រុមហាម៉ាសទាំងស្រុង ហើយការវាយ ប្រហារនេះនឹងបំផ្លាញក្រុមហាម៉ាសគ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ»។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើន ឡើងដល់ ៥,០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍នៃការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើភាគខាង ត្បូងអ៉ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១,៤០០នាក់៕