(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បាននិយាយថាការកើនឡើងនៃការវាយប្រហាររបស់ក្រុម Hezbollah លើអ៉ីស្រាអែល កំពុងអូសលីបង់ឱ្យចូលរួម ក្នុងសង្រ្គាម បន្ទាប់ពីការបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក កើតឡើងសាជាថ្មីដោយកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះរាលដាលសង្រ្គាម កាន់តែធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Jonathan Conricus បានចោទប្រកាន់ថាក្រុម Hezbollah មានមូលដ្ឋានក្នុងប្រទេសលីបង់ និងជាសម្ព័ន្ធមិត្តរបស់ ក្រុមហាម៉ាស កំពុងបង្កគ្រោះថ្នាក់កាន់តែខ្លាំងឡើង។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ នៅថ្ងៃអាទិត្យនេះដូច្នេះថា «Hezbollah កំពុងអូសលីបង់ឱ្យ ធ្លាក់ចូលក្នុងសង្រ្គាមមួយដែលគ្មានប្រយោជន៍អ្វីទាំងអស់ ប៉ុន្តែមានតែការខាតបង់។ ដូច្នេះថាតើរដ្ឋលីបង់ពិតជាចង់បំផ្លាញភាពរុងរឿង និងអធិបតេយ្យ របស់ខ្លួនដើម្បីតែក្រុមភេរវករក្នុងតំបន់ហ្កាហ្សា នោះគឺជាសំណួរដែលអាជ្ញាធរលីបង់ត្រូវចោទសួរ និងឆ្លើយដោយខ្លួនឯង»៕