(ភ្នំពេញ)៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន នាកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ បានទទួលការគាំទ្រលើសពីក្តីរំពឹងទុក ដោយមានសិស្សានុសិស្សនិងយុវជនច្រើនជាង ១,៦០០,០០០នាក់ បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមនេះ ហើយបានបំផុសគំនិតឱ្យពួកគេ និងមនុស្សគ្រប់វ័យមានការផ្លាស់ប្តូរទម្លាប់ពីការប្រើថង់ប្លាស្ទិក ទៅការកាត់បន្ថយនិងឈប់ប្រើថង់ប្លាស្ទិកតែម្តង។
នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត ក្នុងកម្មវិធីការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ដែលរៀបចំឡើង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តីបរិស្ថាន បានបង្ហាញថា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានបង្កើតឡើងក្នុងគោលបំណងដោះស្រាយ បញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែលបានលើកទឹកចិត្តពួកយើងម្នាក់ៗ ឲ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃ របស់យើង ដោយការបោះជំហានយ៉ាងសំខាន់មួយ ឆ្ពោះទៅការកាត់បន្ថយសំណល់ប្លាស្ទិក។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា ជោគជ័យនៃយុទ្ធនាការនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្នាក់ៗ មិនត្រឹមតែអាចទ្រទ្រង់ នូវសន្ទុះចលនារបស់យុទ្ធនាការនេះប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកែប្រែឥរិយាបថរបស់មនុស្សទាំងក្នុងជំនាន់នេះ និងនាពេលអនាគតផងដែរ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានសំដែងការជឿជាក់លើសមិទ្ធផលនៃយុទ្ធនាការនេះ ដែលអាចធ្វើជាគំរូដ៏ល្អមួយនៅក្នុងតំបន់ ហើយយើងកំពុងបន្តក្នុងការអញ្ជើញប្រទេសជិតខាង ប្រទេសសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ និងប្រទេសក្នុងតំបន់អាស៊ាន ឱ្យចូលរួមជាមួយប្រទេសកម្ពុជាក្នុងបេសកកម្មរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការបង្កើតកិច្ច-សហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងការរៀបចំចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាក្នុងពេលឆាប់ៗនេះផងដែរ ៕