(ហ្គាហ្សា)៖ ប្រជាជនប៉ាឡេស្ទីនបាននិយាយថា ពួកគេបានទទួលការព្រមានជាថ្មីពីយោធាអ៊ីស្រាអែល ឱ្យផ្លាស់ទីពីភាគខាងជើងហ្គាហ្សាទៅភាគខាងត្បូង ដោយមានការព្រមានបន្ថែមថា ពួកគេអាចត្រូវបានគេដាក់ឈ្មោះថា ជាអ្នកសមគំនិតជាមួយនឹង «អង្គការភេរវករ» ប្រសិនបើពួកគេនៅតែមិនព្រមជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។
សារនេះត្រូវបានចែកចាយជាខិតប័ណ្ណដែលមានឈ្មោះ និងនិមិត្តសញ្ញារបស់កងកម្លាំងការពារជាតិ នៅថ្ងៃសៅរ៍ (ថ្ងៃទី២១ តុលា) ហើយត្រូវបានផ្ញើទៅកាន់មនុស្សតាមទូរសព្ទចល័តទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលជាតំបន់តូចចង្អៀត ដែលមានប្រវែងត្រឹមតែ ៤៥ គីឡូម៉ែត្រប៉ុណ្ណោះ។
សារព្រមានបានសរសេរថា «ការព្រមានជាបន្ទាន់ដល់អ្នករស់នៅក្នុងតំបន់ហ្គាហ្សា។ វត្តមានរបស់អ្នកនៅភាគខាងជើង ធ្វើឱ្យជីវិតរបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់។ អ្នកណាដែលជ្រើសរើសមិនចាកចេញពីភាគខាងជើងហ្គាហ្សាទៅភាគខាងត្បូង អាចត្រូវបានកំណត់ថា ជាអ្នកសមគំនិតជាមួយអង្គការភេរវករ»។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃអាទិត្យ ទី២២តុលាដដែលនេះ អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូង នៃតំបន់ហ្កាហ្សា និងបាននិយាយថាខ្លួន នឹងបង្កើនការវាយប្រហារលើភាគខាងជើងនៃតំបន់មួយនេះ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថាជនជាតិប៉ាឡេស្ទីន ១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែករបស់ អ៉ីស្រាអែល លើទីក្រុង ខាន់យូ ណឺស (Khan Younis) នៃភាគខាងត្បូងតំបន់ហ្កាហ្សា ហើយថាអ៉ីស្រាអែលក៏បានវាយប្រហារលើទីក្រុង រ៉ាហ្វាស Rafah នៅភាគខាងត្បូងផងដែរ៕