រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល និយាយថាអ៊ីស្រាអែលមិនមានផែនការគ្រប់គ្រង «ជីវិតនៅហ្គាហ្សា» ទេ បន្ទាប់ពីកម្ចាត់ក្រុមហាម៉ាសរួចរាល់

(ប៉ាឡេស្ទីន)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយនៅថ្ងៃសុក្រនេះថា បន្ទាប់ពីអ៊ីស្រាអែលបានកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស កងទ័ពមិនមានគម្រោងគ្រប់គ្រង «ជីវិតនៅតំបន់ហ្គាហ្សាស្ទ្រីប» ទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បែបនេះទៅកាន់សមាជិកសភា គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មេដឹកនាំ​អ៊ីស្រាអែល​ បាន​ពិភាក្សា​អំពី​ផែនការ​រយៈពេល​វែង​របស់​ខ្លួនសម្រាប់​តំបន់​ហ្គាហ្សា។

លោក Gallant បាននិយាយថា អ៊ីស្រាអែលរំពឹងថានឹងមានសង្រ្គាមបីដំណាក់កាលជាមួយក្រុមហាម៉ាស។ ជាដំបូងខ្លួននឹងវាយប្រហារក្រុមនៅហ្គាហ្សា តាមរយៈការវាយប្រហារតាមអាកាស និងជើងគោក បន្ទាប់មកកម្ចាត់ការតស៊ូតូចៗរបស់ពួកគេ ហើយទីបំផុតបញ្ឈប់ «ការទទួលខុសត្រូវសម្រាប់ជីវិតនៅហ្គាហ្សាស្ទ្រីប»។
អ៊ីស្រាអែល បន្តការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាស្ទ្រីបនៅព្រឹកថ្ងៃសុក្រ ដោយវាយប្រហារលើតំបន់ ដែលត្រូវបានបញ្ជាឱ្យជម្លៀសចេញដើម្បីស្វែងរកសុវត្ថិភាព ខណៈវាជាការវាយប្រហារចុងក្រោយលើទឹកដីហ្គាហ្សា ដែលនាំឱ្យមានភាពចលាចលក្នុងតំបន់។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅជាង ១០០ នៅទូទាំងតំបន់ហ្គាហ្សា ដែលមានទំនាក់ទំនងជាមួយចលនាហាម៉ាស ដែលគ្រប់គ្រងស្ទ្រីប រួមទាំងផ្លូវរូងក្រោមដី និងឃ្លាំងអាវុធ។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Galante បាន​បញ្ជា​កង​ទ័ព​ជើង​គោក​ឱ្យ​ត្រៀម​ខ្លួន​ ចូលមើល​តំបន់ Gaza «ពី​ខាង​ក្នុង» ដែល​មានន័យថា ការ​វាយលុក​តាមផ្លូវគោក​ដើម្បី​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​របស់​ក្រុមហាម៉ាស។ ទោះជាយ៉ាងណា ក្រុមមន្ត្រី​មិន​បាន​កំណត់​ពេល​វេលា​សម្រាប់​សកម្មភាព​បែប​នេះ​ទេ៕