(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកាអន្តរជាតិនោះ លោកតែងសង្កេតឃើញថា មេដឹកនាំប្រទេសជាមិត្ត ដែលជួបសម្តេចធិបតី គឺមិនដែលរំលងឡើយការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ហ្សង់-ហ្វ្រង់ស័រ បានចាត់ទុកការសួរសុខទុក្ខនោះ គឺស្តែងឱ្យឃើញពីការគោរព និងការនឹករលឹករបស់មេដឹកនាំទាំងនោះចំពោះសម្តេចតេជោ ហ៊ុន សែន។
លោក ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ «គ្រប់មេដឹកនាំកំពូល(ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន…) មិនដែលភ្លេចឡើយ ក្នុងការសួរនាំពីសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន។ ពាក្យសំដីសួរនាំពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំបរទេសទាំងនេះ សុទ្ធតែបង្កប់ ឬក៏ជួនកាលស្តែងឱ្យឃើញជាក់ស្តែងតែម្តងនូវការគោរព, ការនឹករឭក, និងការកោតស្ញប់ស្ញែង, ដូចពាក្យលោកថា [ចេះដប់មិនស្មើប្រសប់មួយ]…»។
លោកបន្តថា «ទាំងនេះ ឆ្លុះបញ្ចំងឱ្យឃើញនូវការពិតមួយទៀត នោះគឺលក្ខណៈសម្បត្តិជា [រដ្ឋបុរស] ប្រកែកមិនបានរបស់សម្តេចតេជោ ដែលថ្នាក់ដឹកនាំតំបន់អាសុី ទទួលស្គាល់ជាឯកច្ឆ័ន…»។
បើទោះបីជាយ៉ាងណា លោកហ្សង់-ហ្វ្រង់ស័រ ចាត់ទុកនេះ ជាសម្ពាធមួយដែរទៅលើសម្តេចធិបតី ហ៊ុន ម៉ាណែត…។ សម្ពាធនៃទំនួលខុសត្រូវចំពោះមុខមាត់ជាតិកម្ពុជានៅលើឆាកតំបន់, សម្ពាធនៃការបន្តតំណែង និងសម្ពាធនៃ «វប្បធម៌លទ្ធផល» គឺដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មីដែលត្រូវតែនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ជាតិខេមរា និងសម្រាប់តំបន់ ពិសេសសម្រាប់អង្គការតំបន់អាស៊ាន…៕