លោក ពូទីន៖ មីស៊ីលចម្ងាយឆ្ងាយ ATACMS នឹងមិនអាចជួយអ៊ុយក្រែន បានឡើយ


(កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាមីស៊ីលចម្ងាយឆ្ងាយដែលទី ក្រុងវ៉ាស៊ីនតោនផ្ដល់ឱ្យទីក្រុងកៀវ គឺបានត្រឹមតែ អូសបន្លាយភាពឈឺចាប់របស់អ៊ុយក្រែនតែ ប៉ុណ្ណោះ ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី អះអាងថាកងទ័ពអ៊ុយ ក្រែន បានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ATACMS ជាលើកដំបូងនៅលើសមរភូមិ។

ការកត់សម្គាល់ខាងលើរបស់លោក ពូទីន ធ្វើឡើងប្រាប់អ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មាន មួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធសប្ដាហ៍នេះ។ លោក ពូទីន បានសង្កត់ធ្ងន់ដូច្នេះថា «វាជា កំហុសមួយដែលទីក្រុងវ៉ាស៊ីនតោនបញ្ជូនមីស៊ីលចម្ងាយឆ្ងាយ ATACMS ទៅឱ្យអ៊ុយក្រែន។ សង្រ្គាមគឺជា សង្រ្គាម ហើយជាការពិតណាស់…មីស៊ីលទាំងនោះពិតជាបង្កការគំរាម។ ប៉ុន្តែរឿងដែលសំខាន់ គឺវានឹងមិនអាចកែប្រែស្ថានការណ៍នៅលើសមរភូមិ ទាំងមូលបាននោះទេ។ ផ្ទុយទៅវិញ ការសម្រេចចិត្តផ្ដល់មីស៊ីលនេះជាកំហុសរបស់សហរដ្ឋអាមេរិក ព្រោះវានឹងអូសបន្លាយ ភាពឈឺចាប់តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា សេតវិមាន កាលពីថ្ងៃអង្គារកន្លងទៅនេះ បានទទួលស្គាល់ពីការផ្ដល់មីស៊ីលចម្ងាយ ឆ្ងាយ ATACMS ទៅឱ្យអ៊ុយក្រែន។ ATACMS អាច បាញ់បានចម្ងាយអតិបរមា ៣០០គីឡូម៉ែត្រ។ ប៉ុន្តែសេតវិមាន បានបញ្ជាក់ថាមីស៊ីល ATACMS ដែលត្រូវបានផ្ដល់ឱ្យអ៊ុយក្រែន គឺជាប្រភេទ អាចបំពាក់ គ្រាប់បែកចង្កោម និងបាញ់បានត្រឹមចម្ងាយអតិបរាមា ១៦៥គីឡូម៉ែត្រ៕