កងទ័ពអាមេរិក ឈរជើងនៅអ៉ីរ៉ាក់ រងការវាយប្រហារដោយយន្ដហោះដ្រូន

(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩​ ខែតុលា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា កងទ័ពអាមេរិកឈរជើង នៅក្នុងប្រទេសអ៉ីរ៉ាក់បានបាញ់ ទម្លាក់យន្ដហោះដ្រូន ២គ្រឿង និងយន្ដហោះដ្រូនមួយគ្រឿងផ្សេងទៀត រងការខូចខាត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ប៉ុន្តែមានកងទ័ពសម្ព័ន្ធមិត្តមួយចំនួនបានរងរបួសស្រាល។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ បញ្ជាការដ្ឋានកណ្ដាលកងទ័ព អាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា ឬហៅកាត់ ថា CENTCOM មិនបាននិយាយថា តើនរណាជាអ្នកពីក្រោយការវាយប្រហារយន្ដហោះដ្រូន ២ដាច់ដោយឡែកពីគ្នានេះនោះទេ។ ប៉ុន្តែកងកម្លាំងគាំទ្រ អ៉ីរ៉ង់ ធ្លាប់បានគំរាមវាយប្រហារលើកងទ័ពអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ ដោយសារ តែការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអ៉ីស្រាអែល ក្នុងសង្រ្គាម ប្រឆាំងក្រុមហាម៉ាស។

CENTCOM បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ យោធាអាមេរិក បានធ្វើសកម្មភាពប្រឆាំងយន្ដហោះដ្រូន ៣គ្រឿងដែល ហោះមកក្បែរកងកម្លាំងអាមេរិក និងកង កម្លាំងក្រុមចម្រុះក្នុងប្រទេសអ៉ីរ៉ាក់»។ បញ្ជាការដ្ឋាននេះដដែលបានបន្ថែមថា នៅភាគខាងលិច ប្រទេសអ៉ីរ៉ាក់ កងកម្លាំងអាមេរិកបានធ្វើសកម្មភាពប្រឆាំងយន្ដហោះដ្រូន ២គ្រឿង ក្នុងនោះបាន បាញ់កម្ទេចមួយគ្រឿង និងបង្កការខូចខាតដល់មួយគ្រឿងផ្សេងទៀត​ តែមានកងកម្លាំងចម្រុះមួយ ចំនួនរងរបួសស្រាល។ ចំណែក នៅភាគខាងជើងប្រទេសអ៉ីរ៉ាក់វិញ កងកម្លាំងអាមេរិកក៏បាន បាញ់កម្ទេចយន្ដហោះដ្រូន មួយគ្រឿងដែរ ដោយមិនបានបង្កឱ្យមានអ្នករងរបួស ឬការខូចខាតនោះ ទេ៕