ប្រេស៊ីល អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសរបស់ខ្លួន

 (ភ្នំពេញ)៖ លោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីស បានបញ្ជាក់ឱ្យដឹងថា បានពាំនាំនូវការអញ្ជើញជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញ ទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសរបស់ខ្លួន។

ការអញ្ជើញនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព អំឡុងរដ្ឋមន្រ្តីការបរទេសប្រេស៊ីលរូបនេះ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និង បានបង្ហាញអំពីបំណងក្នុងការអញ្ជើញ លោកប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅ កម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃ ចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំនៅកម្ពុជាផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនង ដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋា ភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល៕