(ហ្ស៊េរុយសាឡិម)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP បានបញ្ជាក់ថា អ្នកនាំ ពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែល ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០ នាក់។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។
គួរបញ្ជាក់ថា នៅខាងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្សជាង ៩០០នាក់ហើយបានស្លាប់នៅ ក្នុងការវាយប្រហារសងសឹកពីសំណាក់ អ៉ីស្រាអែល និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រុមហាម៉ាសក៏ត្រូវបានគេរាយការណ៍ដែរថាបានចាប់មនុស្សជាច្រើនជាង ១០០នាក់ ជាចំណាប់ ខ្មាំង ក្នុងនោះមានទាំងពលរដ្ឋអាមេរិក៕