(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែតុលា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក និងប្រាក់ឧបត្ថម្ភសម្រាប់បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។ យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម ដែលទទួលបាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ប្រចាំខែតុលា ជូនអីតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក និងប្រាក់ឧបត្ថម្ភសម្រាប់ បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣តទៅ»។
ចំពោះការបើកប្រាក់ខាងលើនេះ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅ ទូទាំងប្រទេស។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកមូលនិធិជាតិជំនួយសង្គម សម្រាប់មន្រ្តីរាជការ ស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨ និង ០៩២ ២១៩ ៨៨៨៕