គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជាបានធ្វើជាមួយ ADB ជាគម្រោងមានតម្លៃទាបជាង គេបំផុតនៅក្នុងតំបន់ និងជាគំរូល្អសម្រាប់ប្រទេសផ្សេងទៀត


(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះបានឱ្យដឹងថា គម្រោងថា មពលពន្លឺព្រះអាទិត្យ ដែលកម្ពុជាបានធ្វើជាមួយ ADB ជាគម្រោងមានតម្លៃទាបជាងគេបំផុតនៅ ក្នុងតំបន់ និងជាគំរូល្អសម្រាប់ប្រទេសដទៃទៀត។

ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញជួបជាមួយលោក Winfried F. Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​ ដោយលោកបានគូសបញ្ជាក់អំពីការវាយតម្លៃថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជាបានធ្វើជាមួយ ADB ជាគម្រោងមានតម្លៃទាបជាងគេ បំផុត នៅក្នុងតំបន់​ និងជាគំរូល្អសម្រាប់ប្រទេសដទៃទៀតផងដែរ។

បន្ថែមពីនោះទៀត ADB ប្តេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC) ដែលជា ស្ថាប័នផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិ ក្នុងការអភិវឌ្ឍឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ១00 មេហ្គា វ៉ាត់ (MW) បានឈានដល់ដំណាក់កាលដ៏សំខាន់មួយជាមួយ រោងចក្រផលិតថាមពលពន្លឺ ព្រះអាទិត្យ (PV) ៦០មេហ្គាវ៉ាត់ដំបូងរបស់ខ្លួន ដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។

គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បានបង្ហាញពីសក្តានុពលក្នុងការអភិវឌ្ឍថាមពល ពន្លឺ ព្រះអាទិត្យទ្រុងទ្រាយធំ ដោយប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលធនធានពីវិស័យ សាធារណៈផង និងឯកជនផង។ ក្នុងគម្រោងនេះ ការដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈ អន្តរជាតិ ត្រូវបានរៀបចំឡើង ដើម្បីដាក់ដេញថ្លៃគម្រោងផលិតថាមពលអគ្គិសនីទៅឱ្យវិស័យ ឯកជន ជាពីរដំណាក់ កាលគឺ ៦០ មេហ្គាវ៉ាត់ និង ៤០ មេហ្គាវ៉ាត់។

ដំណាក់កាលទី១ នៃការដេញថ្លៃ (សម្រាប់ ៦0 មេហ្គាវ៉ាត់ដំបូង) ត្រូវបានរៀបចំក្នុងឆ្នាំ២០១៩ និងបានទៅក្រុមហ៊ុន Prime Road Alternative។ ដំណើរការនេះមានតម្លៃទាបបំផុតសម្រាប់ ក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍ គឺក្នុងតម្លៃ ០,០៣៩ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh)។ ការផលិតថាមពលអគ្គិសនី ៤០ មេហ្គាវ៉ាត់ទៀត ត្រូវបាន ដេញថ្លៃនៅឆ្នាំ ២០២២ និងបានទៅក្រុមហ៊ុន Trina Solar Co. Ltd។ ដំណើរការនេះមានតម្លៃលទ្ធកម្មកាន់តែទាបគឺ០,០២៦ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង៕