កម្ពុជាសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ ADB ក្នុងការជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការ ងារជាមួយលោក វីនហ្រ្វែត វីកក្លែន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ ២០២៣។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក វីនហ្រ្វែត វីកក្លែន ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក ដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋ កិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូត ដល់បច្ចុប្បន្ន។

លោក វីនហ្រ្វែត វីកក្លែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិ ការល្អ និងជិតស្និទ្ធជាមួយ ADB ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ហើយលោកបានត្រៀមខ្លួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្ថែមទៀត សំដៅបន្តរួមចំណែកក្នុងកិច្ច ដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។

ជាការឆ្លើយតប អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសាទរចំពោះការប្តេជ្ញាចិត្ត និងការចូល រួមចំណែករបស់ ADB រួមមាន៖

១៖ ការពង្រីកនូវទំហំឥណទានធំជាងមុន តាមរយៈការកែទម្រង់ការគ្រប់គ្រងមូលធន ដើម្បីបំពេញ តម្រូវការអភិវឌ្ឍន៍នានា ដែលក្នុងនោះ កម្ពុជាក៏នឹងត្រូវចាត់ចូលជាប្រទេសដែលទទួលបាននូវប្រភព ធនធានទំហំធំ ពិសេស សម្រាប់គម្រោងពង្រឹងការបន្សាំទៅនឹងអាកាសធាតុ;
២៖ ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធប្រតិបត្តិការថ្មី របស់ ADB ក្នុងគោលដៅពន្លឿនការងាររបស់ខ្លួនឱ្យ កាន់តែមានប្រសិទ្ធភាព តាមរយៈការធ្វើប្រតិភូកម្មសិទ្ធិសម្រេច និង ការទទួលខុសត្រូវកាន់តែច្រើន ជាងមុន ជូនស្ថានតំណាងរបស់ ADB ប្រចាំកម្ពុជា

៣៖ ការវិនិយោគគម្រោង ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍវិស័យឯកជន ក្នុង រយៈពេល ៥ ឆ្នាំខាងមុខ ជាពិសេស ការពង្រឹង វិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈប្រតិបត្តិការ Non-Sovereign Operations ដូចមានចែងក្នុង យុទ្ធសាស្ត្រ ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើរស្របគ្នានឹង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា, នីតិកាលទី ៧ នៃរដ្ឋសភា, ដែលមានគោលបំណងរួមចំណែកគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ADB ចំពោះការប្តេជ្ញាចិត្តខ្ពស់ក្នុងការ ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាផងដែរ និងបានជូនពរលោក វីនហ្រ្វែត វីកក្លែន ព្រមទាំងសហការី ទទួលបាន ជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា៕