(ភ្នំពេញ)៖ រយៈពេល៩ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន ៦ ៨៩៧លានដុល្លារ ធ្លាក់ចុះ ២.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ មានចំនួន ៧ ០៤៦លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា ដែលទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។
តាមរបាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ការដោះដូរទំនិញរបស់ កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន ៧ ០៧៨លានដុល្លារ ក្នុងនោះកម្ពុជានាំ ចេញមានជាង ៦ ៨៩៧លានដុល្លារ ធ្លាក់ចុះ ២.១ភាគរយ ចំណែកការនាំចូលមានចំនួន ១៨១ លានដុល្លារ ធ្លាក់ចុះ ២៧.៨ភាគរយ។
ចំពោះការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនេះ បានបញ្ជាក់ពី ភាពល្អប្រសើរនៃការដោះដូរទំនិញរវាងប្រទេសទាំងពីរ ហើយតាមរយៈតួលេខនាំចេញនេះ អាមេរិក ក្លាយជាទីផ្សារនាំចេញជាទីផ្សារសំខាន់ សម្រាប់ម្ពុជា។
មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពី អាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិច ត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ក្រៅពីសហរដ្ឋអាមេរិក ប្រទេសដែលកម្ពុជានាំចេញច្រើនបន្ទាប់នោះគឺ ប្រទេសវៀតណាមនាំចេញ ជាង ២ពាន់លានដុល្លារ កើនឡើង ៣០.៧ភាគរយ, ប្រទេសចិនជាង ១ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ និងប្រទេសជប៉ុនជិត ៩០០លានដុល្លារ ធ្លាក់ចុះ ១.៣ភាគរយ៕