រដ្ឋសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចាត់ វិធានការបន្ទាន់ជួយពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល


 (ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និង និស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល។

តាមរយៈសេចក្តីថ្លែងការណ៍ដែលទទួលបាន រដ្ឋសភាក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋកម្ពុជា ទាំងមូល សូមសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង និងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្ត នៃព្រឹត្តិការណ៍វាយប្រហារក្នុងប្រទេសអ៉ីស្រាអែលនេះ ជាពិសេស សុវត្ថិភាពប្រជាពលរដ្ឋ និង និស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សាទីនោះប្រមាណ៤៥០នាក់។

រដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងនិស្សិតដែលកំពុងស្នាក់ និងសិក្សានៅ ក្នុងប្រទេសអ៊ីស្រាអែល សូមស្តាប់ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អាជ្ញាធរ អ៊ីស្រាអែល និងក្រសួងការបរទេសរបស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។

ជាមួយគ្នានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែក នូវមរណទុក្ខ ប្រកបដោយក្តីសង្វេគជាមួយក្រុមគ្រួសាររបស់ លោក ចាន់ ឧត្តម ដែលជានិស្សិតកំពុង សិក្សានៅប្រទេសអ៊ីស្រាអែល និង ដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ខាងលើ។ នេះជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏គួរឱ្យសោកស្ដាយជា ទីបំផុត៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រដ្ឋសភា៖