(ញូយ៉ក)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា បេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយកាល ពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅញូវយ៉ក) ថាទីក្រុង តេហេរ៉ង់ មិនមានជាប់ពាក់ព័ន្ធ នឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ៧០០ នាក់ និងចាប់ពង្រត់ មនុស្សរាប់សិបនាក់នោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បេសកកម្មអ៉ីរ៉ង់ប្រចាំ UN បានលើកឡើងដូច្នេះថា «ការចាត់វិធាន ការយ៉ាងខ្លាំងពីសំណាក់ប៉ាឡេស្ទីនមានលក្ខខណៈ ការពារខ្លួនដោយស្របច្បាប់ ប្រឆាំងនឹងការ គាបសង្កត់ និងការប្រព្រឹត្តបទឧក្រិដ្ឋដោយរបបខុសច្បាប់ហ្ស៉ីយ៉ូនីស (Zionist)។ យើងគាំទ្រប៉ាឡេស្ទីន ដោយមិនមានការស្ទាក់ស្ទើរ ប៉ុន្តែយើងមិនមានជាប់ពាក់ព័ន្ធនឹងការឆ្លើយ តបរបស់ប៉ាឡេស្ទីននោះទេ ខណៈសកម្មភាពត្រូវបានធ្វើឡើងដោយ ប៉ាឡេស្ទីន ខ្លួនឯង»។
គួរបញ្ជាក់ថា ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បី វាយប្រហារ អ៉ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើក ការវាយប្រហារ លើអ៉ីស្រាអែល នៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។ អ៉ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ដោយបានសម្លាប់មនុស្សជាង ៤០០នាក់ ខណៈជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ត្រូវបានរាយ ការណ៍ថាបានបាត់បង់ ជីវិត៕