(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែ តុលា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) បាននិយាយថាលោកបាន បញ្ជាឱ្យកងនាវាចម្បាំងដឹក នាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ធ្វើដំណើរទៅកាន់តំបន់សមុទ្រ មេឌីទែររ៉ាណេខាងកើត ដើម្បីបង្ហាញ ការគាំទ្រ និងត្រៀមលក្ខណៈផ្ដល់ជំនួយដល់អ៉ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់បានបន្សល់ទុកមនុស្សច្រើនជាង ១,០០០នាក់ នៃភាគី ទាំងសងខាងបាត់បង់ជីវិត។
នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ដែលជានាវាផ្ទុកយន្ដហោះចម្បាំងស៊េរីទំនើប បំផុតមួយរបស់កងទ័ពជើងទឹកអាមេរិក និងដឹកទាហានជាង ៥,០០០នាក់ រួមទាំងផ្ទុកយន្ដហោះ ចម្បាំងផងនោះ នឹងត្រូវបានអមដំណើរដោយនាវាចម្បាំងប្រដាប់ដោយមីស៊ីល និងនាវាពិឃាដ ដើម្បីបង្ហាញសាច់ដុំ និង ត្រៀមលក្ខណៈធ្វើការឆ្លើយតប និងដឹកនាំសកម្មភាពឃ្លាំមើល ក៏ដូចជា រារាំងរាល់ការបញ្ជូនអាវុធបន្ថែមណាមួយទៅឱ្យក្រុមហាម៉ាស់។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏កំពុងបង្កើនចំនួនយន្ដហោះចម្បាំង F-35, F-15, F-16 និង A-10 នៅក្នុងតំបន់ផងដែរ៕