ជប៉ុន ចេញសេចក្ដីណែនាំពី «រលកស៊ូណាមិ» សម្រាប់តំបន់ឆ្នេរ


 (តូក្យូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជាក់អោយដឹងថា ជប៉ុន បាន ចេញសេចក្ដីណែនាំពីរលកស៊ូណាមិ នៅតាមតំបន់មួយចំនួនស្ថិតនៅតាមបណ្ដោយឆ្នេរនៅព្រឹក ថ្ងៃចន្ទ ទី៩ ខែតុលានេះ បន្ទាប់ពីមាន គ្រោះរញ្ជួយដីតូចៗកើតឡើងជាបន្តបន្ទាប់ នៅកោះអ៉ីហ្សុ (Izu) ក្នុងតំបន់ប៉ាស៊ីហ្វិក។

តាមការឱ្យដឹងពីអាជ្ញាធរឧតុនិយមជប៉ុន រលកស៊ូណាមិ មានកម្ពស់ ៦០សង់ទីម៉ែត្រ បានវាយ ប្រហារលើកោះហាឈីចូជីម៉ា (Hachijojima) ដែលស្ថិតនៅចម្ងាយ ២៨០គីឡូម៉ែត្រពីភាគខាងត្បូង នៃទីក្រុងតូក្យូ ខណៈរលកកម្ពស់ ៤០សង់ទីម៉ែត្រ ត្រូវបានកត់ត្រានៅខេត្ត កូឈី (Kochi) នៃភាគ ខាងលិច និងកម្ពស់ ២០សង់ទីម៉ែត្រ នៅខេត្តមីយ៉ាងហ្សាគី (Miyazaki) នៃភាគខាងត្បូងប្រទេស ជប៉ុន។ ភា្លមៗមិនមានសេចក្ដីរាយការណ៍ពីការខូចខាតនៅឡើយទេ ប៉ុន្តែ អាជ្ញាធរក្នុងទីក្រុងតាតេ យ៉ាម៉ា (Tateyama) នៃខេត្តឈិបា (Chiba) បានជំរុញឱ្យប្រជាជនរស់នៅតាមបណ្ដោយឆ្នេរ ជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព ក្រោយការចេញសេចក្ដីណែនាំ ពីរលកស៊ូណាមិ។

គួរបញ្ជាក់ថា ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានរាយការណ៍ពីការរញ្ជួយដីតូចៗជាបន្តបន្ទាប់ នៅកោះអ៉ីហ្សុ (Izu) ដោយក្នុងនោះរញ្ជួយដីខ្លាំងបំផុតមានកម្រិត ៥.៤រ៉ិចទ័រ ត្រូវបានកត់ត្រានៅ ម៉ោង ៥៖១៧នាទីព្រឹកថ្ងៃចន្ទនេះ និងស្ថិតនៅចម្ងាយ ៥៥១គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង Shimoda។ ការចេញសេចក្ដីណែនាំ ចុងក្រោយ ត្រូវបានចេញផ្សាយក្រោយជប៉ុនសង្កេតឃើញ រលកស៊ូណាមិមានកម្ពស់ ១ម៉ែត្រ នៅក្បែរកោះ Izu បន្ទាប់ពីមានគ្រោះរញ្ជួយដី៦.៥រ៉ិចទ័រ កាលពី សប្ដាហ៍មុន៕