រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រក្រុមហ៊ុនចិនធំមួយស្វែងរកកម្លាំងពលកម្មជាង ៦ពាន់នាក់សម្រាប់បំពេញ តម្រូវការវិនិយោគថ្មី

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្ត កំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ នៅទី ស្តីការក្រសួង។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម រដ្ឋមន្ត្រីបានសម្តែងអំណរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ក្រុមហ៊ុនកាត់ដេរ ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. ក្នុងការពង្រីកការវិនិយោគ រោងចក្រកាត់ដេរគម្រោងទី២របស់ខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ឯកឧត្តមជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយ តបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគី ពាក់ព័ន្ធ។

ឯកឧត្តម រដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើ ការស្វែងរកបុគ្គលិកប្រមាណជាង ៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ហើយ ក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានា នៃប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ដែលបានគាំទ្រនិងផ្តល់ជំនួយ ក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មី របស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិ មុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការ នៃរោងចក្រថ្មី ដែលទើបសាងសង់រួច។

គួរបញ្ជាក់ថា ក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd គឺជាក្រុមហ៊ុន ផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ខណៈ រោងចក្រទី១របស់ខ្លួនស្ថិតនៅក្នុងខេត្តកណ្តាល បាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនព លរដ្ឋកម្ពុជា៕