សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតាធ្វើឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋម ដល់ថ្នាក់ទី១២ ក្លាយជាសាលារៀនល្អ មានគុណភាពអាចទទួលបាន


(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម ក្នុងទិវាគ្រូបង្រៀនលើកទី២៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីមហិច្ឆិតា ក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេច មួយឬពីរអាណត្តិនេះ គឺចង់ឱ្យសាលារដ្ឋទាំងអស់ ចាប់ពី ថ្នាក់បឋម ដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ក្លាយជាសាលារៀនល្អ អាចទទួលបាន សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «មហិច្ឆតារបស់ខ្ញុំ ក្នុងមួយអាណត្តិ ពីរអាណត្តិនេះ សាលារដ្ឋទាំងអស់មិនចាំបាច់មានកូនចៅ ប្រជាពលរដ្ឋវេចបង្វេចពីស្រុកមួយទៅស្រុកមួយ ទៅរៀន សាលាមួយទៀត ព្រោះគ្រប់សាលាទាំងអស់ សាលារដ្ឋរបស់យើងចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលាល្អអាចទទួលបាន​នៅមូលដ្ឋាន»

សម្តេចបានរំលឹកពីបទពិសោធន៍ ដែលធ្លាប់ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន អំពីរឿងសាលារៀនល្អនេះ គឺប្រជាពលរដ្ឋសុខចិត្ត ចំណាយពេលវេលាដឹកកូនចៅ ទៅរៀនសាលា ឆ្ងាយដែលល្អ ជាជាងឱ្យរៀននៅសាលាដែលជិតផ្ទះ ព្រោះយល់ថាការសិក្សាមិនបានល្អ ដោយសារ តែមានការខ្វះខាតមួយចំនួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជាគោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវពង្រឹកវិស័យ អប់រំ ជាជាងពង្រីក តាមរយៈការធ្វើឱ្យការអប់រំ នៅសាលារដ្ឋមានគុណភាព ដើម្បីបណ្តុះបណ្តាល ធនធានមនុស្ស ឱ្យមានសមត្ថភាព គុណធម៌ សីលធម៌ និងវិន័យឱ្យបានល្អ។

សម្តេចបានបញ្ជាក់ទៀតថា តាមរយៈការសិក្សាលើសាលាជាង៥០សាលា សម្តេចរកឃើញសាលា មួយចំនួន ដែលលោកគ្រូអ្នកគ្រូ មានការច្នៃប្រឌិតខ្ពស់ ក្នុងការអប់រំសិស្សានុសិស្សបានយ៉ាងល្អ ដោយមិនបាច់មានការចំណាយបន្ថែមនោះទេ ហើយបានក្លាយជាគំរូមួយ សម្រាប់យកទៅអនុវត្តន៍ នៅតាមសាលាផ្សេងៗទៀត៕