(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានណែនាំដល់ថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅ លើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព ព្រោះពួកគាត់មានតួនាទីសំខាន់ ណាស់ក្នុងដឹកនាំសាលា និងមណ្ឌលសុខាភិបាល ឱ្យមានការរីកចម្រើន។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលេចពីតួនាទីយ៉ាងសំខាន់ របស់នាយកសាលា ដែលធ្វើជាគំរូដ៏ល្អ សម្រាប់គ្រូៗ បង្កើននូវបរិស្ថានសិក្សាក្នុងសាលា ដែលធ្វើឱ្យមានសាមគ្គីភាពរវាងគ្រូៗ ហើយនាយក សាលាប្រៀបដូចជាឪពុកម្តាយដូច្នេះដែរ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួង អប់រំ សិក្សារៀបចំនូវយន្តការសមស្របមួយ ដើម្បីងាយស្រួលក្នុងការជ្រើសរើសនាយកសាលា បើទោះបីមានការអនុវត្តប្រព័ន្ធវិមជ្ឈការ ដែលផ្តល់អំណាចដល់ថ្នាក់មូលដ្ឋានក្តី។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីប្រារព្ធទិវាគ្រូបង្រៀន លើកទី២៦ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «នាយកសាលាសំខាន់ណាស់ នាយកសាលាគឺជាអ្នកទទួលខុស ត្រូវដឹកនាំផ្ទាល់ ជាគំរូនៅក្នុងសាលាសម្រាប់គ្រូ និងសម្រាប់សិស្ស បើនាយកសាលាគាត់ល្អគាត់ មានការគ្រប់គ្រង មានវិន័យសម្រាប់ខ្លួនឯង គាត់ជាគំរូ គ្រូក៏ទៅតាមនោះ ហើយគ្រូក៏ជាគំរូរបស់ សិស្ស អីចឹងគំរូតាមគ្នា នាយកសាលាសំខាន់ គាត់ជាមជ្ឈមណ្ឌលនៃការសាមគ្គីផ្ទៃក្នុង នាយក សាលាដូចជាឪពុកស្ថាប័នអីចឹង»។
សម្តេចបន្ថែមថា «ការជ្រើសរើសនាយកសាលាសំខាន់ណាស់ ឥឡូវយើងមានវិមជ្ឈការ ថ្ងៃមុនខ្ញុំឱ្យ ឯកឧត្តម ស សុខា ពិភាក្សាជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រឿងវិមជ្ឈការនៃការរើសនាយក ពិតណាស់យើងចង់បញ្ជូនសិទ្ធិ នៅក្នុងការជ្រើសរើស ហើយស្រុកខ្លះ អភិបាលស្រុកជាអ្នករើសនាយ កសាលា យើងមិនដកសិទ្ធិពីគាត់ទេ ប៉ុន្តែយើងត្រូវមានយន្តការណាសម្រាប់គ្រប់គ្រង ព្រោះតែ នាយកសាលាមួយៗ ត្រូវអនុវត្តន៍ផែនការពីថ្នាក់ជាតិទៅ រឿងអប់រំ និងសុខាភិបាល ត្រូវមានស្តង់ដារ នៃការអនុវត្តន៍ ប៉ុន្តែប្រសិនបើជាគាត់ឯករាជ្យ ស្វយ័តតែឯង គាត់ស្តាប់តាមចៅហ្វាស្រុក ដែលមិន មានជំនាញខាងអប់រំ ដូច្នេះគឺពិបាក។ ថ្ងៃនេះ អភិបាលខេត្តមកទីនេះស្រាប់ ត្រូវធ្វើម៉េចយកចិត្ត ទុកដាក់ ប្រធានមណ្ឌលសុខាភាព ហើយនាយកសាលា ព្រោះដំណាក់កាលអាណត្តិនេះ ជាដំណាក់ កាលពង្រឹង ជាជាងពង្រីក ពង្រឹងអ្វីដែលមានស្រាប់ ជាពិសេសផ្តោតទៅលើស្ថាប័ន ហើយពង្រឹង សេវាផ្តោតទៅមូលដ្ឋាន»។
សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ គិតគូរពីយន្តការជ្រើសរើសនាយក សាលា ហើយលើកយោបល់ជូនសម្តេច ដើម្បីពិនិត្យ និងសម្រេច ព្រោះកាលណារើសនាយក សាលាមិនបានល្អត្រឹមត្រូវ នោះនាំឱ្យបង្កការលំបាក ឱ្យកុំផ្តល់តម្លៃលើការជ្រើសរើសនាយកសាលា តាមរយៈមនោសញ្ចេតនា ដែលនាំឱ្យប៉ះពាល់អនាគតដល់សិស្សានុសិស្ស នៅមូលដ្ឋាននោះ។
សម្តេចបានបញ្ជាក់ទៀតថា ជាមហិច្ឆិតា សម្រាប់អាណត្តិនៃការដឹកនាំរបស់សម្តេច គឺចង់ឱ្យសាលា រដ្ឋទាំងអស់ មិនចាំបាច់ឱ្យមានសិស្សវេចបង្វេចពីតំបន់ផ្សេង ទៅរៀនតំបន់ផ្សេងទៀត ព្រោះតែ សាលាល្អនោះទេ គឺត្រូវធ្វើឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលាល្អ អាចទទួលបាន៕