(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្ត ដល់អាជីវករសាលារៀននានាគួរលក់ដូរ ឬផ្ដល់អាហារដែលផ្ដល់ប្រយោជន៍ចំពោះសុខភាពរបស់ សិស្សានុសិស្ស ជៀសវាងការលក់នំចំណីដែលអាចប៉ះពាល់ដល់សុខភាព។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អាជីវករលក់ដូរនៅតាមសាលាគួរ លក់ដូរអាហារដែលផ្ដល់ប្រយោជន៍ចំពោះសុខភាព ជៀសវាងការលក់នំចំណីដែលអាចប៉ះពាល់ ដល់សុខភាពរបស់សិស្សានុសិស្ស។
សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «អាហារខ្លះអាចប៉ះពាល់ដល់កុមារតាំងពីក្មេងៗទៅ ដល់ពេល អាយុច្រើនបន្តិចនឹងលេចឡើងនូវជំងឺក្នុងខ្លួនណាមួយ ដូចជាជំងឺទឹកនោមផ្អែមជាដើម ដូច្នេះត្រូវគិតគូរ តាមគោលការណ៍ស្ម័គ្រចិត្តនៅតាមសាលានីមួយៗ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជំរុញដល់ក្រសួងអប់រំ យុវជន និងកីឡាត្រូវពង្រីកវិសាលភាព «កម្មវិធីអាហារូបត្ថម្ភ»ដែលរាជរដ្ឋាភិបាលជាអ្នករៀបចំឱ្យបានគ្របដណ្ដប់លើសាលាកាន់តែច្រើនថែមទៀត ដើម្បីចូលរួមគាំពារសុខភាពរបស់សិស្សានុសិស្សនៅប្រទេសកម្ពុជា ខណៈគម្រោងនេះបាន និងកំពុងអនុវត្តតាំងពីឆ្នាំ២០១០មក៕