(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ
(Liurka Rodríguez Barrios) បានគូសរំលេចថា ប្រធានាធិបតី
និងប្រជាជនគុយបា ទន្ទឹងរង់ចាំស្វាគមន៍ ដោយសេចក្តីសោមនស្សរីករាយនៃដំណើរសម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ច នៅប្រទេសគុយបា។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានជម្រាបសម្តេចធិបតី ពីការអញ្ជើញរបស់ប្រធានាធិបតីគុយបា ទៅទស្សនកិច្ចនៅគុយបា។
លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅគុយបា តបតាមការអញ្ជើញរបស់ប្រធានាធិបតីគុយបា ហើយប្រជាជនគុយបាទាំងអស់នឹងត្រៀមខ្លួនទទួលស្វាគមន៍សម្តេចធិបតី យ៉ាងកក់ក្តៅបំផុត។
ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពទទួលយកសំណើនេះដោយរីករាយ និងបានបញ្ជាក់អំពី បំណងដូចគ្នានេះ ដោយសម្តេចធិបតី នឹងស្វែងរកពេលវេលាសមស្របណាមួយក្នុងពេលខាងមុខ។
ក្រៅពីជជែកលើកិច្ចការខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានជជែកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះកម្ពុជាថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ។ ថ្វីបើភូមិសាស្ត្រនៃប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងដ៏កក់ក្តៅរបស់ប្រជាជាតិទាំងពីរ នៅជិតគ្នាជានិច្ច។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរ ក្នុងវិស័យជាច្រើន ជាអាទិ៍៖ វិស័យសុខាភិបាល, កសិកម្ម, និងវិស័យសក្តានុពលផ្សេងៗ ទៀត។ លោកស្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការ ជិតស្និទ្ធក្នុងរយៈពេលនៃការបំពេញការងារការទូតរបស់លោកស្រីនៅកម្ពុជា។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនគុយបា លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋា ភិបាលកម្ពុជា ដែលបានចាត់បញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន តំណាងជាន់ខ្ពស់ កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77+China នៅទីក្រុងហាវ៉ាណា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។
ក្នុងជំនួបនោះសម្តេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកស្រីឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការអរគុណជូនចំពោះលោកប្រធានាធិបតី Miguel Díaz-Canel Bermúdez ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសសម្តេចធិបតី ចូលកាន់មុខតំណែង ជានាយករដ្ឋមន្ត្រី។ សម្តេចធិបតី បានរំលឹកផងដែរអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចសន្ទនាតាមប្រព័ន្ធ ទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំងពីរ នាពេលថ្មីៗនេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាលនោះកម្ពុជាមិនមានមិត្តភក្តិច្រើននៅឡើយ ហើយប្រទេសគុយបាបានក្លាយជាមិត្តដ៏ល្អ ហើយមិត្តភាពនេះក៏បានបន្តរហូតមកដល់បច្ចុប្បន្ន និង ក៏កំពុងបន្តពង្រឹង និងពង្រីកទៅមុខកាន់តែរឹងមាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែង ជួយគ្នាក្នុងគ្រាលំបាក។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការ ផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា រួមទាំងការស្នើជំរុញឱ្យមានការពង្រីក វិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ៕