ឯកឧត្តម បណ្ឌិត កៅ គឹមហួន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីកសិកម្ម និងរុក្ខាប្រមាញ់ លើក ទី៤៥ នៅទីក្រុងគូឡាឡាំពួ និងកិច្ចប្រជុំ២ផ្សេងទៀត


(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់លោក ដាតុ Seri Haji Mohamad Bin Sabu រដ្ឋមន្ត្រី កសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីកសិកម្ម និង រុក្ខាប្រមាញ់ លើកទី៤៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីពិភាក្សាពីវឌ្ឍនភាព និងកាលានុវត្តភាព នៅក្នុង កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីស្បៀង កសិកម្ម និងរុក្ខាប្រមាញ់ ឆ្ពោះទៅសំរេចបាននូវសន្តិសុខ ស្បៀង ការទទួលបានទីផ្សារកាន់តែប្រសើរ ព្រមទាំងផលិតភាព និងភាពធន់ផ្នែកកសិកម្មជាដើម។

បន្ទាប់មកនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចរដ្ឋមន្ត្រីអាស៊ាន-ជប៉ុន ស្តីពីកសិកម្ម និងរុក្ខា ប្រមាញ់។ នៅក្នុងកិច្ចប្រជុំនោះ អាស៊ាន និងជប៉ុន បានពិភាក្សាគ្នាអំពីវឌ្ឍនភាព ក្នុងការអនុវត្តផែន ការកិច្ចសហប្រតិបត្តិការ MIDORI រវាងអាស៊ាន និងជប៉ុន (AJMCP) ដែលត្រូវបានដាក់ចេញកាល ពីឆ្នាំមុន។ AJMCP ស្វែងរកការចូលរួមចំណែកដើម្បីសំរេចបាននូវសន្តិសុខស្បៀងរបស់អាស៊ាន តាមរយៈការបង្កើត និងផ្សព្វផ្សាយបច្ចេកវិទ្យានានា ការអភិវឌ្ឍធនធានមនុស្ស និងតាមរយៈការ គាំទ្រការអនុវត្តគោលការណ៍ ណែនាំថា្នក់តំបន់របស់អាស៊ាន ជាដើម។

លុះដល់ល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានបន្ដអញ្ជើញផ្តល់សន្ទរកថាស្វាគមន៍ ក្នុងការដាក់ដំណើរកម្មវិធីថ្នាក់តំបន់ស្បៀង អាហារ នវានុវត្តន៍អាស៊ាន-CGIAR ដែលមានការចូលរួមពីបណ្តារដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់ អាស៊ាន និងដៃគូអភវិឌ្ឍន៍មួយចំនួន។

កម្មវិធីថ្នាក់តំបន់នេះ ស្របគ្នាជាមួយគោលបំណងរបស់អាស៊ាន ក្នុងការបង្កើនផលិតភាពផ្នែក កសិកម្ម និងកាត់បន្ថយការបាត់បង់ស្បៀង និងកាកសំណល់ស្បៀងនៅក្នុងអាស៊ាន តាមរយៈការ ប្រើប្រាស់ការស្រាវជ្រាវដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងនវានុវត្តន៍ដែលនឹងពង្រឹងភាពធន់ នៃប្រព័ន្ធកសិកម្ម៕