រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលទ្ធភាពបើកឲ្យទេសចរណ៍ថៃ ចូលមកកម្សាន្ដដោយមិនចាំបាច់ លិខិតឆ្លងដែន ប្រើត្រឹមប័ណ្ណព្រំដែន ឬ Border Pass


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលទ្ធភាពបើកឲ្យភ្ញៀវទេសចរថៃ អាចចូលមកកម្សាន្ដ នៅក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន ពោលប្រើប្រាស់ត្រឹមប័ណ្ណព្រំដែន ឬ Border Pass។

នេះជាការលើកឡើងរបស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញរួមពិធី បិទវគ្គសុក្រឹតការថ្នាក់ ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ ទី១៧ លើកទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា តាមការ សំណូមពររបស់នាយករដ្ឋមន្ដ្រីថៃ កំពុងគិតគូរក្នុងការបើកទេសចរណ៍កម្រិតណាមួយនោះ ដោយមិន ចាំបាច់ប៉ាស្ព័រ (លិខិតឆ្លងដែន) ត្រឹម Border Pass»

បើតាមឧបនាយករដ្ឋមន្ដ្រី ស សុខា, ការប្រើប្រាស់ប័ណ្ណព្រំដែន ឬ Border Pass កំពុងតែអនុវត្ត ស្រាប់ហើយនៅពេលបច្ចុប្បន្ននេះ ប៉ុន្ដែជនជាតិថៃ អាចចូលមកកម្ពុជាត្រឹមតែខេត្តជាប់ព្រំដែន តែប៉ុណ្ណោះ អាចចេញហួសការកំណត់នេះបានឡើយ។

ប៉ុន្ដែទោះជាយ៉ាងណា នេះគ្រាន់តែជាលទ្ធភាពដែលត្រូវយកមកសិក្សាប៉ុណ្ណោះ ហើយការសម្រេច យ៉ាងណានោះ រង់ចាំគ្រប់ភាគីពាក់ព័ន្ធពិភាក្សាគ្នានៅពេលក្រោយ។ នេះជាអ្វីដែលឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់បន្ថែម។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរថៃមកកម្សាន្ដនៅប្រទេសកម្ពុជា មានជាង១លាននាក់។ ចំនួននេះមានការកើន ឡើង បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២។

សូមជម្រាបថា សព្វថ្ងៃនេះប្រជាពលរដ្ឋកម្ពុជា និងថៃ ដែលរស់នៅក្នុងខេត្តជាប់ព្រំដែនប្រទេសទាំង ពីរ អាចធ្វើដំណើរចេញចូលទៅវិញទៅមកបាន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែនោះទេ ពោលប្រើប្រាស់ត្រឹមប័ណ្ណព្រំដែន ឬ Border Pass ប៉ុណ្ណោះ ប៉ុន្ដែប័ណ្ណព្រំដែននេះ អនុញ្ញាតឲ្យប្រើ ប្រាស់ក្នុងពេលកំណត់ណាមួយមិនអចិន្ដ្រៃយ៍នោះទេ៕