រដ្ឋបាលរាជធានីភ្នំពេញ រៀបចំផែនការពង្រីកប្រព័ន្ធលូ ប្រឡាយបង្ហូរទឹកឲ្យកាន់តែធំ ដើម្បីបញ្ចៀស ការជន់លិចដោយទឹកភ្លៀង


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពង្រីកប្រព័ន្ធលូ ប្រឡាយបង្ហូរទឹកពីតូចទៅធំ បំពាក់ ម៉ាស៊ីនបូមទឹកឲ្យកាន់តែធំជាងមុន និងការសាងសង់ស្ថានីយ៍បូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការ ជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរៀបចំផែន ការ វិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅ ភូមិសាស្រ្ត រាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា «ការរៀបចំប្រព័ន្ធលូ ប្រឡាយរំដោះទឹកបានល្អប្រសើរ រហូត ទទួលបានការកោតសរសើរពីអន្តរជាតិ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទាមទារអោយយើងរួមគ្នា ដើម្បី រកដំណោះស្រាយ ធ្វើយ៉ាងណាបញ្ជៀសឲ្យបានពីការលិចលង់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងយូរម្តងៗ»

ឯកឧត្តម បន្ដថា ការប្រជុំនេះ មានគោលបំណង ប្រមូលព័ត៌មាន ជុំវិញប្រព័ន្ធលូ ប្រឡាយ ឲ្យបាន គ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀត ឈានទៅរកការរំដោះទឹកក្នុងរាជធានីភ្នំពេញ ឲ្យបានកាន់តែល្អប្រសើរ និងប្រើប្រាស់បានយូរអង្វែង ពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺ កុំចូលមករាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា តាមការណែនាំរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្រោមដី ឲ្យបានល្អ ដោយធ្វើយ៉ាងណា កុំឲ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង។ ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ រៀបចំជាផែនការដាក់ទៅអន្តរ ក្រសួង ដើម្បីបន្តអនុវត្តលើការងារនេះទៀត។

ឯកឧត្តម ក៏បានលើកឡើងពីការគិតគូរ ចំពោះប្រព័ន្ធលូ ប្រឡាយដែលត្រូវកែលម្អឡើងវិញ ពិសេស ការពង្រីកប្រឡាយបង្ហូរទឹកពីតូចទៅធំ ការដំឡើងស្ថានីយបូមទឹកឲ្យកាន់តែធំជាងមុន និងដំឡើង ស្ថានីយបូមទឹកថ្មីថែមទៀត។ ស្របពេលដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានភាពស៊ី វីល័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់ដោយ ជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានយូរអង្វែងចាប់ពី២០ ទៅ៣០ឆ្នាំ។

ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអះ អាងថា ការស្ថាបនាប្រព័ន្ធលូ នៅរាជធានីភ្នំពេញ គិតមកដល់ឆ្នាំ២០២២នេះ យើងស្ថាបនាបាន បណ្តាញលូប្រវែងជាង៩២៤គីឡូម៉ែត្រ នឹងបន្តស្ថាបនាប្រព័ន្ធលូ ប្រឡាយជាបន្តបន្ទាប់ទៀត។ បញ្ហាសំខាន់គឺរក្សាឲ្យបាននៅអាងស្តុបទឹក ដើម្បីរំដោះទឹកចេញឲ្យបានលឿន៕