អ៊ុយក្រែន អះអាងថាទាហានស៊ីឈ្នួល Wagner រាប់រយនាក់ ត្រឡប់ទៅប្រយុទ្ធនៅសមរភូមិ ឡើងវិញ


(កៀវ)​៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP គឺ អ្នកនាំពាក្យយោធាអ៊ុយក្រែន ម្នាក់ កាលពីថ្ងៃទី២៧ ខែកញ្ញានេះបាននិយាយថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner រាប់រយនាក់ បានត្រឡប់ទៅ កាន់តំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធឡើងវិញ ប៉ុន្តែពួកគេ មិនមានឥទ្ធិពលគួរឱ្យកត់សម្គាល់នៅលើសមរភូមិនោះទេ។

លោក សឺហ៉ី ឈែរេវ៉ាទី (Serhiy Cherevatyi) ជាអ្នកនាំពាក្យទីបញ្ជាការយោធាភាគខាងកើត បានគូសបញ្ជាក់ដូច្នេះថា «យើងបានប្រទះឃើញពី វត្តមានអ្នកប្រយុទ្ធរាប់រយនាក់មកពីទាហាន ស៊ីឈ្នួល Wagner ដោយត្រូវបានដាក់ពង្រាយរប៉ាត់រប៉ាយនៅតាមទីតាំងផ្សេងៗគ្នា ពោលគឺមិនមែន ស្ថិត នៅជាអង្គភាពតែមួយនោះទេ ហើយក៏មិនមានឥទ្ធិពលអ្វីខ្លាំងនោះដែរ»

សូមបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធមកពីទាហានស៊ីឈ្នួលរុស្ស៉ី Wagner ធ្លាប់បានដើរតួនាទីយ៉ាងសំ ខាន់ ក្នុងការវាយដណ្ដើមកាន់កាប់ទីក្រុងបាកមូត កាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែ ពួកគេបានចាក ចេញពីសមរភូមិ បន្ទាប់ពីមានការបះបោរមិនបានសម្រេចមួយប្រឆាំងក្រសួងការពារជាតិរុស្ស៉ី កាលពីខែមិថុនា។ ក្រោយមកទៀត ថៅកែទាហានស៊ីឈ្នួលនេះ គឺលោក Yevgeny Prigozhin ស្រាប់តែបានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះក្នុង ប្រទេសរុស្ស៉ី កាលពីថ្ងៃទី២៣ ខែសីហា ក្នុង ពេលដែលក្រសួងការពារជាតិរុស្ស៉ី កំពុងរឹតបន្តឹងការគ្រប់គ្រងលើក្រុមហ៊ុនទាហានស៊ីឈ្នួល៕