គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន​ ៣៥.៨%ហើយ លឿនជាង ផែនការ


(កំពត)៖ ឯកឧត្តម​ ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គ្រប់គ្រងសម្របសម្រួលគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ នៅព្រឹកថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣​ បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ សាងសង់ផ្លូវជាតិលេខ៣៣​ និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេក ទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេក ទេសក្វាងចូវ វ៉ាងអាន ផងដែរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើ ការងារបច្ចេកទេស សាងសង់ផ្លូវតាំងពីទីរួមខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដើម្បីធានាឱ្យបានថា​ គម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកប ដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

នាឪកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្ត ទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បី សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារដូវកាលបុណ្យ ទានខាងមុខនេះ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាម ការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

សូមជម្រាបជូនដែរថា៖ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោងស្តារ និងលើក កម្រិតគុណភាពផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ ៥២.៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀត ណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិ សាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប​ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥.៨% ក្នុងនោះរួមមាន៖(១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២.៥៧ គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៩.៨៧ គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣៧.៦៦ គ.ម៕