ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពង្រឹងការអនុវត្តភារកិច្ច


(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មន្ត្រី បានចាត់ទុកភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ មានបេសកកម្មដ៏សំខាន់ និងចាំបាច់បំផុតក្នុង នាមជា សេនាធិការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានានូវគុណភាពនៃការងារស្រាវជ្រាវ និងការផ្តល់យោបល់បានលឿនរហ័ស មានសង្គតិភាព ស្របតាមបទដ្ឋានគតិយុត្ត ជាពិសេសគោល ការណ៍ រដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិ បាលកិច្ចល្អនិងក៏សម្រាប់បម្រើឱ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យផងដែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងដូចនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណង ពង្រឹងគុណភាព បង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទាំងកម្រិតនាយកដ្ឋាន និងមន្ត្រីជំនាញឱ្យ មានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការដឹកនាំ និងការប្រព្រឹត្តទៅក្នុងការបំពេញភារកិច្ច របស់ខ្លួនប្រកប ដោយវិជ្ជាជីវៈ មានសមត្ថភាព ប្រសិទ្ធភាព សីលធម៌ គុណាធិបតេយ្យ និងសម្រេច បាននូវសមិទ្ធកម្ម ដែលជាស្នាដៃ និងសកម្មភាពការងារដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា បេសកកម្មការងារចម្បងដែលក្រុមប្រឹក្សា អ្នកច្បាប់បាននឹងកំពុងអនុវត្ត ត្រូវតែមានរបៀបនៃការដឹកនាំឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ធ្វើការតាម មុខងារភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ បុរេសកម្ម គឺ«ធ្វើការងារផង និងកែទម្រង់ផង» ដើម្បីធានាថាគ្រប់គ្នាត្រូវតែមានឆន្ទៈ មនសិការវិជ្ជាជីវៈខ្ពស់ក្នុងការស្រឡាញ់ស្ថាប័នរបស់ខ្លួន និង ការអនុវត្តភារកិច្ចប្រចាំថ្ងៃ ដោយផ្តោតជាសំខាន់លើការងារជាអាទិភាព គឺការប្រជុំ ស្រាវជ្រាវ វិភាគ វាយតម្លៃ និងភារកិច្ចក្នុងក្របខណ្ឌនៃការរៀបចំតាក់តែងច្បាប់ និងក៏ជាអ្នកត្រួតពិនិត្យទាំងទិដ្ឋភាព ច្បាប់ឱ្យបានស៊ីជំរៅ រួមទាំងត្រូវតែយល់ដឹងទាំងកម្រិតបច្ចេកទេសផងដែរ។

បើទោះបីក្របខណ្ឌនៃភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ផ្តោតលើគុណវុឌ្ឍនៃនីតិរដ្ឋបាល និងនីតិឯក ជនក្តី ក៏ប៉ុន្តែដើម្បីបានមូលដ្ឋានរឹងមាំ ក្នុងបម្រើគោលដៅនៃការអនុវត្តគោលនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យធានាបាននូវយុត្តិធម៌ លើកកម្ពស់ សេដ្ឋកិច្ច-សង្គម ឱ្យមានលទ្ធផលគាប់ប្រសើរ, ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានដាក់ចេញនូវការ​ណែនាំ តម្រង់ទិសដៅ និងជាផែនការសម្រាប់អនុវត្តទាំងក្នុងពេលចំពោះមុខ និងរយៈពេលវែង សម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ក្នុងនោះរួមមាន៖

ទី១៖ ការកំណត់ភាពច្បាស់លាស់ នៃការងារជាអាទិភាព គឺប្រសិទ្ធភាពក្នុងការផ្តល់យោបល់លើ សេចក្តីព្រាងច្បាប់ដែលក្រសួង ស្ថាប័ននីមួយៗបានផ្តល់ឱ្យ គប្បីក្រុមប្រឹក្សាអ្នកច្បាប់ត្រូវតែពង្រឹង សមត្ថភាព ការត្រួតពិនិត្យ និងការស្រាវជ្រាវបន្ថែម ដែលត្រូវធ្វើការងារនេះជាក្រុម និងមានយន្តការ ប្រជុំត្រៀម ពិភាក្សាគ្នាឱ្យច្បាស់លាស់ ដោយធ្វើការវិភាគ វាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ការចូលរួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ណាមួយ គឺមានទាំងគុណភាព និងប្រសិទ្ធភាព ផ្អែក តាមគោលការណ៍ច្បាប់យ៉ាងរឹងមាំ។

បន្ថែមពីលើនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ត្រូវតែជាធនធានមនុស្សដែលមាននូវសមត្ថភាពក្នុងការតាក់ តែងច្បាប់ ព្រះរាជក្រឹត្យ រួមទាំងសមត្ថភាពនៃការសិក្សា និងពិនិត្យលើច្បាប់ រួមទាំងលិខិតបទដ្ឋាន គតិយុត្តផ្សេងៗទៀត ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម ឬជាការត្រួតសមត្ថកិច្ចគ្នាជាមួយ ក្រសួងពាក់ព័ន្ធគឺត្រូវតែមានភាពច្បាស់លាស់ដើម្បីលើកជាយោបល់ជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច។

ទី២៖ លើកទឹកចិត្តសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈឱ្យមានបើកវគ្គបណ្តុះបណ្តាលជំនាញ ផ្នែកច្បាប់ ជាការកសាងសមត្ថភាពទាំងទិដ្ឋភាពទម្រង់ ទស្សនាទានច្បាប់  និងទាំងខ្លឹមសារបច្ចេក ទេសច្បាប់ ដែលនឹងចែករំលែកបទពិសោធន៍ពីព្រឹទ្ធចារ្យឯកទេសច្បាប់ទាំងក្នុងស្រុក ឬក៏ការតម្រូវ ឱ្យមានអ្នកជំនាញជាន់ខ្ពស់ប្រឹក្សាផ្នែកច្បាប់ពីអន្តរជាតិបង្ហាត់បង្រៀន រួមទាំងទស្សនកិច្ចសិក្សា នៅក្រៅប្រទេសផងដែរ។ ជាពិសេសនឹងស្នើឱ្យមានការរៀបចំបែងចែកជាក្រុមៗ តាមជំនាញឱ្យបាន ត្រឹមត្រូវ ដើម្បីការផ្តល់យោបល់ផ្នែកច្បាប់ឱ្យបានរឹងមាំ ច្បាស់លាស់។

ទី៣៖ ការគិតគូ ដើម្បីពង្រឹងស្ថាប័ន ក្បាលម៉ាស៊ីនដឹកនាំ ក្រុមប្រឹក្សាអ្នកច្បាប់ រួមទាំងភាពសកម្ម របស់អគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ទីប្រឹក្សា និងជំនួយការ។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានវាយតម្លៃខ្ពស់ថា ក្រុមប្រឹក្សាអ្នកច្បាប់ គឺជាស្ថាប័នខួរក្បាល ដ៏សំខាន់មួយនៅក្នុងបេសកកម្មបម្រើរាជរដ្ឋាភិបាល ដែលត្រូវតែជាធនធានមនុស្សដែលមានទាំង ជំនាញ ចំណេៈដឹងជ្រៅជ្រះផ្នែកច្បាប់ក្នុងការប្រតិបត្តិមុខងាររបស់ខ្លួន សម្រាប់ការស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលក្រសួង ស្ថាប័នពាក់ ព័ន្ធស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។ ហេតុនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវតែជាអ្នកធានានូវយុត្តិ ធម៌ តម្លាភាព និងជាទំនុកចិត្តរបស់រាជរដ្ឋាភិបាលដែលបានប្រគល់ភារកិច្ចជូន និងត្រូវតែមាននូវ សមត្ថភាពពេញលេញ ជាមួយនឹងការខិតខំលើកតម្កើងតម្លៃ កេរ្តិ៍ឈ្មោះ និងកិត្តិយសនៃស្ថាប័នក្រុម ប្រឹក្សាអ្នកច្បាប់ ធ្វើយ៉ាងណា គឺធានាឱ្យបានជាដាច់ខាតនូវប្រសិទ្ធភាពការងារ៕