ឯកអគ្គរាជទូតជប៉ុន៖ ជប៉ុន មិនទារទាមឱ្យកម្ពុជា ចាប់យកភាគីណាមួយនោះឡើយ តែជប៉ុនគោរព និងកោតសសើរជំហរនយោបាយបរទេសរប​ស់កម្ពុជា

(ភ្នំពេញ)៖ លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បាន លើកឡើងថា ប្រទេសជប៉ុន មិនទាមទារ ឬដាក់សម្ពាធណាមួយឡើយមកលើកម្ពុជា ដើម្បីឱ្យកម្ពុជា ចាប់យកភាគី ណាមួយនោះទេ។ ប៉ុន្តែជប៉ុនតែងតែគោរពនូវជំហរនយោបាយការបរទេសរបស់ កម្ពុជាជានិច្ច។

ការលើកឡើងបែបនេះរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានធ្វើនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះក្នុងឱកាសលោកបានអញ្ជើញធ្វើជាវិគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។

លោក អ៊ូអិណូ អាត់ស៊ូស៊ី បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមិនទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ឬក៏ពលរដ្ឋកម្ពុជា ត្រូវតែប្រកាន់ខាងណេះ ប្រកាន់ខាងណោះ ចិន ជប៉ុន ឬក៏អាមេរិកទេ យើងមិន ទាមទារ យើងយល់អំពីជំហរការទូតរបស់កម្ពុជា ដែលរក្សានូវអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ»។ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា គោលជំហររបស់កម្ពុជាបែបនេះ គឺបានចែងក្នុងច្បាប់រដ្ឋ ធម្មនុញ្ញ ដូច្នេះរាជរដ្ឋាភិបាលជប៉ុន បានគោរព ព្រមទាំងមានការយល់យ៉ាងច្បាស់អំពីជំហរ នយោបាយការទូតរបស់កម្ពុជា។

បើតាមសម្រង់ប្រសាសន៍បកប្រែរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា សម្រាប់អ្វីដែល រដ្ឋាភិបាលស្នើសុំ គឺត្រឹមកម្រិតដែលរដ្ឋាភិបាលកម្ពុជា អាចផ្តល់ឱ្យប្រទេសជប៉ុនបានតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលជប៉ុន បានកោតសសើរ និងជំហររបស់កម្ពុជា ដែលបានគាំទ្រជប៉ុន ដើម្បីមានឱកាសក្លាយជាសមាជិកអចិន្ត្រៃយ៍សន្តិសុខរបស់អង្គការសហប្រជាជាតិ។

ឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ថា៖ «ជំហរគោលនយោបាយការទូតកម្ពុជា ក្នុងការរក្សានូវអព្យា ក្រឹត្យភាព ការមិនចូលបក្សសម្ព័ន្ធ ជប៉ុន និងកម្ពុជា មានឱកាសធ្វើការរួមគ្នាជាច្រើនថែមទៀត យើង នៅតែបន្តស្វះស្វែងរុករកនូវឱកាសនេះ»

ឯកអគ្គរាជទូតជប៉ុន ក៏បានបញ្ជាក់ថា ច្បាស់ៗថា ប្រទេសជប៉ុន មិនមានបំណងដាក់សម្ពាធ ឬចង់ ប្រឆាំងជុំវិញទំនាក់ទំនងរវាងកម្ពុជាជាមួយភាគីចិនឡើយ បើទោះបីជាមានគោលជំហរផ្ទុយគ្នាក៏ ដោយ។ បន្ថែមពីនេះលោកបានថ្លែងថា ប្រទេសជប៉ុន នៅតែគោរពទៅលើគោលជំហររបស់កម្ពុជា ក្នុងការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ហើយប្រទេសជប៉ុន សុំកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាមកលើជប៉ុន ក្នុងនាមជាមិត្តភាពដ៏យូរអង្វែង រហូតឈានដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ។

លោក អ៊ូអិណូ អាត់ស៊ូស៊ី បានបន្តថា ប្រទេសកម្ពុជា និងជប៉ុន នៅមានឱកាសជាច្រើនដើម្បីដើរ ទៅកាន់គោលដៅរួមគ្នាបន្តទៀត ដោយប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកលើកិច្ចសហប្រតិបត្តិ ការទ្វេភាគី ពហុភាគី ក៏ដូចជាទំនាក់ទំនងកម្រិតតំបន់ និងពិភពលោក តាមរយៈការផ្ដល់ការគាំទ្រគ្នា ទៅវិញទៅមក។

សម្រាប់នយោបាយការបរទេស ដែលកម្ពុជានឹងបន្តប្រកាន់ខ្ជាប់រួមមាន៖ ការការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ នយោបាយការទូត បុរេសកម្ម ដែលធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាមគោលបំណង និង គោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ព្រមទាំងការពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗ៕