នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៉ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៨​ ខែកញ្ញា


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលទទួលបាន។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌប ព្រះបរមរូប។

នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យ កាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រ យោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំង ពីរនឹងធ្វើការប្រគល់ទទួលនូវ«មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក សេដ្ឋា ថាវីស៉ីន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន មកកាន់កម្ពុជានឹង ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕