ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយដៃគូអភិវឌ្ឍន៍

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ «ការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣» ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរាជរដ្ឋាភិបាល និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។

ផ្អែកតាមរបាយការណ៍វឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានសម្រេចនូវសមិទ្ធកម្មគន្លឹះជាបណ្តើរៗ, ក្នុងនោះរួមមាន ៖ ភាពជឿទុកចិត្តបាននៃថវិកា ដែលជាកាតាលីករដ៏សំខាន់ក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជា កំណើនម៉ាក្រូសេដ្ឋកិច្ច ទោះបីកម្ពុជាបានជួបប្រទះនូវវិបត្តិជាសកលនានាក្នុងពេលកន្លងមកក៏ដោយ ។ ជាក់ស្តែង, ទោះបីជាការប្រមូលចំណូលថវិកាជាតិក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៣ នេះ មានភាពថមថយបន្តិច បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២២, ការប្រមូលចំណូលជារួមនឹងនៅតែស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។

ចំពោះការអនុវត្តចំណាយថវិកាជាតិ, គិតត្រឹមឆមាសទី១, សម្រេចបានទាបជាផែនការបន្តិច ក៏ប៉ុន្តែតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការអនុវត្តចំណាយនៅដំណាច់ឆ្នាំ នឹងសម្រេចបានតាមការគ្រោងទុក។ ជាមួយនឹងវឌ្ឍនភាពល្អប្រសើរ ដែលសម្រេចបាននាពេលកន្លងមក, ការរៀបចំលិខិតបទដ្ឋានគតិយុត្តនៅតែដើរ តួនាទីសំខាន់ក្នុងការបន្តនិរន្តរភាពកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្នុងស្មារតីនេះ, ឯកសារគោល ស្តីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ឯកសារគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, គោលការណ៍ ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុក្រឹត្យស្តីពីការកំណត់គុណវុឌ្ឍិវិជ្ជាជីវៈមន្ត្រីជំនាញហិរញ្ញវត្ថុ សាធារណៈ ត្រូវបានរៀបចំ និងគ្រោងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញប្រសិទ្ធភាព ការងារ បន្ថែមទៀត។

លើសពីនេះ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ត្រូវបានដាក់ឱ្យប្រើប្រាស់ និងត្រូវបានពង្រីកការប្រើប្រាស់ រហូតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (រដ្ឋបាលរាជធានី-ខេត្ត, ក្រុង- ស្រុក-ខណ្ឌ និងឃុំ-សង្កាត់) ទូទាំងប្រទេស។ ទោះជាយ៉ាងនេះក្ដី, ក្នុងស្ថានភាពអន្តរកាលនៃការឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធពេញលេញ, ក្រសួង-ស្ថាប័នមួយចំនួនបានជួបប្រទះបញ្ហាប្រឈមខ្លះៗ ក្នុងការអនុវត្ត ដែលទាមទារឱ្យមានការពង្រឹងគុណភាពប្រព័ន្ធ និងការសម្រួល ដល់ការកត់ត្រាក្នុងប្រព័ន្ធជាបន្តបន្ទាប់។

ទន្ទឹមនេះ, សមត្ថភាពក្រសួង-ស្ថាប័ន ក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកិច្ចការ អាទិភាពដែលតែងតែត្រូវបានយកចិត្តទុកដាក់ និងបន្តការពង្រឹងបន្ថែម ។ ម៉្យាងទៀត, នៅក្នុងជំហានដំបូងនៃការ អនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម, ក្រសួង-ស្ថាប័នគឺជាតួអង្គសំខាន់ដែលត្រូវបានលើកទឹកចិត្ត និងជំរុញឱ្យមានការពង្រឹង គណនេយ្យភាពសមិទ្ធកម្ម តាមរយៈ ការណែនាំ , ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍នានា មុននឹងឆ្ពោះ ទៅរកការវាយតម្លៃលើសមិទ្ធកម្មពេញលេញ នៅឆ្នាំ បន្តបន្ទាប់ ។

ជារួម, ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ បានឆ្លុះបញ្ចាំងឱ្យឃើញថា ការពង្រឹងភាពជឿទុកចិត្តបាននៃថវិកា បានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់ ព្រមទាំងអាចដោះស្រាយបានការងារ បន្ទាន់ និងចាំបាច់ ជាពិសេស ក្នុងអំឡុងពេលមានវិបត្តិ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ។

ផ្អែកលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ នេះ, តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានអបអរសាទរចំពោះរាជរដ្ឋាភិបាលដែលសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ។

ជាមួយគ្នានេះ, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្តល់នូវមតិយោបល់ និងការស្នើសុំមួយចំនួន សំដៅចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល ក្នុងនោះរួមមាន ៖ ការធ្វើសមាហរណកម្មប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល, ការរៀបចំថវិកាឆ្លើយតបនឹងយែនឌ័រ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង និងការលើកកម្ពស់តម្លាភាពថវិកា ។ល។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន រហូតសម្រេចបានសមិទ្ធផលល្អប្រសើរនៅឆមាសទី ១ ឆ្នាំ ២០២៣ នេះ ព្រមទាំងធានាបាននូវសន្ទុះនៃចលនការនៃការកែទម្រង់សម្រាប់រាជរដ្ឋាភិបាលថ្មី នីតិកាលទី ៧ នៃរដ្ឋសភា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៤ នៅត្រីមាសបន្ទាប់ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕