អ៊ុយក្រែន អះអាងថាមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ីតំបន់សមុទ្រខ្មៅ ត្រូវបានសម្លាប់ តែមូស្គូបន្តស្ងៀមស្ងាត់


(កៀវ)៖ កងកម្លាំងពិសេសអ៊ុយក្រែន នៅថ្ងៃចន្ទ​ ទី២៦ ខែកញ្ញា បាននិយាយថាឧត្តមនាវីឯក លោក វ៉ិចទ័រ សូកូឡូវ (Viktor Sokolov) ដែល ជាមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយរបស់អ៊ុយក្រែន កាលពីសប្ដាហ៍មុន លើទីស្នាក់ការកណ្ដាលនៃកងទ័ពជើងទឹករុស្ស៉ី ក្នុងទីក្រុងកំពង់ផែ Sevastopol នៃតំបន់គ្រីមៀ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

ក្រសួងការពារជាតិមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះទេ នៅត្រូវបានសាកសួរថាតើលោក Viktor Sokolov ពិតជាបានស្លាប់ក្នុងការវាយប្រហារលើ តំបន់គ្រីមៀ ពីសំណាក់កងកម្លាំងអ៊ុយក្រែនពិតមែនដែរ ឬក៏យ៉ាងណា? យោធាអ៊ុយក្រែនបានឱ្យដឹងថាការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន គឺមានគោលដៅលើកិច្ចប្រជុំមួយរបស់ថ្នាក់ដឹកនាំកងទ័ពជើងទឹករុស្ស៉ី ក្នុងទីក្រុង Sevastopol។
នៅលើសារមួយបង្ហោះលើបណ្ដាញ Telegram កងកម្លាំងពិសេសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «នៅបន្ទាប់ពីការវាយប្រហារដោយមីស៊ីល លើទីស្នាក់ការកណ្ដាលនៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ មន្ត្រី៣៤នាក់ត្រូវបានស្លាប់ ក្នុងនោះរួមមានទាំងមេបញ្ជាការកងទ័ពជើងទឹក រុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅម្នាក់។ ចំណែក មនុស្ស ១០៥នាក់ផ្សេងទៀតបានរងរបួស»