រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ជំរុញឱ្យថ្នាក់ដឹកនាំ-មន្ត្រីក្រោមឱវាទរួមគ្នាអនុវត្តយុទ្ធសាស្ត្រនានា ធ្វើយ៉ាងណាឱ្យជនបទកាន់តែរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ


(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាយុទ្ធសាស្រ្ដអាទិភាពទាំង៤របស់ក្រសួង សំដៅធ្វើយ៉ាងណាឱ្យជនបទកាន់តែរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។


ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងប្រធាននាយកដ្ឋាន នៃក្រសួងអភិវឌ្ឍន៍ជនបទ។
នាឱកាសនោះ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការប្រព្រឹត្តទៅរបស់ក្រសួងក្នុងខែកញ្ញា និងទិសដៅការងារបន្តក្នុងខែតុលា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់រូប និងផ្តល់អនុសាសន៍បន្ថែមជូនអង្គប្រជុំថា
ដើម្បីសម្រេចឲ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវខិតខំធ្វើយ៉ាងណាសម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំង៤របស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទកាន់តែរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។


បន្ថែមពីនេះទៀត លោករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំដែលចាប់ពីប្រធាននាយកដ្ឋានឡើងទៅ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង រៀបចំរបៀបរបបប្រជុំផ្ទៃក្នុងប្រចាំខែឲ្យបានទៀងទាត់។ លោកបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំក្រសួងត្រូវរៀបចំប្រជុំបូកសរុបការងារប្រចាំខែរបស់ខ្លួន គឺរៀងរាល់ដើមសប្តាហ៍ទី៤ នៃខែនីមួយៗ។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រីបានស្នើឲ្យគ្រប់នាយកដ្ឋានទាំងអស់ត្រូវពង្រឹងការងារក្នុងអង្គភាពរបស់ខ្លួន រៀបចំបញ្ជីឯកសាររបស់ខ្លួនឲ្យបានត្រឹមត្រូវ និងដាក់ជូនថ្នាក់ដឹកនាំពិនិត្យតាមឋានានុក្រម៕