(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាប្រទេសរបស់នឹងដកឯកអគ្គរដ្ឋទូត រួមទាំងកងទ័ពរបស់ខ្លួន ចេញពីប្រទេសនីហ្សេ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ មហាំម៉ាត់ បាហ្សូម (Mohamed Bazoum)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
លោក ម៉ាក្រុង ធ្វើការប្រកាសបែបនេះ អំឡុងថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការ គូសបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ឯកអគ្គរដ្ឋទូត និងអ្នកការទូត របស់យើងជាច្រើននាក់ នឹងត្រឡប់មកកាន់ប្រទេសបារាំងវិញ»។ លោក ម៉ាក្រុងបន្ថែមថាប្រតិបត្តិការយោធារបស់បារាំងក៏នឹងត្រូវបិទបញ្ចប់ ផងដែរ ដោយកងទ័ពបារាំងនឹងត្រូវដកចេញពីប្រទេសនីហ្សេនៅប៉ុន្មានខែ និងសប្ដាហ៍ខាងមុខ ជាមួយការដកកងទ័ពទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ៕